មហាជនលាន់មាត់! ខ្សែភាពយន្តខ្នាតធំ ២ រឿង ដឹកនាំដោយឯកឧត្តម ម៉ៅ អាយុទ្ធ មិនបែកធ្លាយ ទោះបញ្ចាំងចប់រាប់ឆ្នាំ
មហាជននិយមតាមដានខ្សែភាពយន្តក្រោមស្នាដៃផលិត និង ដឹកនាំដោយ ឯកឧត្តម ម៉ៅ អាយុទ្ធ កាលលោកនៅរស់រានមានជីវិត ច្បាស់ជានៅចងចាំមិនភ្លេចនោះទេនូវខ្សែភាពយន្តល្បីៗជាច្រើនដូចជារឿង «បិទភ្នែកហែកទ្រូង» រឿង «ចិត្តចងចាំ» រឿង «ចុងស្រល់» រឿង «ឆ្អឹងអណ្ដែត» រឿង «ក្លិនដែលរសាយ» រឿង «អណ្ដាតដុះឆ្អឹង» រឿង «សំឡេងជួង» រឿង «ជើងមេឃដាច់ស្រយាល» រឿង «សំដីចុងក្រោយ» រឿង «នេសាទក្រពើ» រឿង «កិលេស» រឿង «ហ្លួងព្រះស្ដេចកន» និង មានស្នាដៃល្ខោននិយាយ ចម្រៀង ព្រមទាំងកំណាព្យជាច្រើនទៀតផង។
យ៉ាងណាមិញ ក្នុងចំណោមខ្សែភាពយន្ត ដែលមានការនិពន្ធ និង ដឹកនាំសម្តែងឯកឧត្តម ម៉ៅ អាយុទ្ធ ខាងលើនេះ មហាជនជាច្រើនបានចាប់អារម្មណ៍លើខ្សែភាពយន្តខ្នាតធំចំនួន ២ រឿង ដូចជារឿង «នេសាទក្រពើ» និង រឿង «ហ្លួងព្រះស្តេចកន» ដែលត្រូវបានចាក់បញ្ចាំងតាមរោងភាពយន្តជាច្រើនលើក ប៉ុន្តែហាក់នៅតែមិនបែកធ្លាយសាច់រឿងទាំងស្រុងនៅតាមបណ្តាញសង្គមនោះឡើយ។
១. រឿង «នេសាទក្រពើ»
ខ្សែភាពយន្តខ្នាតធំ «នេសាទក្រពើ» ដែលមានការនិពន្ធ និង ដឹកនាំរឿងដោយឯកឧត្តម ម៉ៅ អាយុទ្ធ ផលិតកាលពីឆ្នាំ ២០០៣ ស្ថិតនៅក្នុងផលិតកម្មរស្មីហង្សមាស ត្រូវបានដាក់បញ្ចាំងជាច្រើនលើក ច្រើនសារនៅរោងភាពយន្តក្នុងប្រទេស ហើយខ្សែភាពយន្តនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ ទទួលបានពានមាស ជាភាពយន្តខ្មែរល្អបំផុតប្រចាំឆ្នាំ ក្នុងមហោស្រពភាពយន្តថ្នាក់ជាតិឆ្នាំ ២០០៥។ រឿងខ្នាតធំ ដែលសម្តែងដោយ ឧកញ៉ា ព្រាប សុវត្ថិ និង អ្នកនាង ស៊ឹម សូលីកា នេះដែរ បើទោះជាត្រូវបានបញ្ចាំងច្រើនដង ក្នុងរយៈពេលឆ្នាំមកនេះ តែក៏នៅមានមហាជនខ្លះមិនទាន់បានទស្សនានៅឡើយនោះទេ។
២. រឿង «ហ្លួងព្រះស្តេចកន»
ខ្សែភាពយន្តប្រវត្តិសាស្ត្រខ្នាតធំ «ហ្លួងព្រះស្តេចកន» ត្រូវបានសរសេរសេណារីយ៉ូ និង ដឹកនាំរឿងដោយឯកឧត្តម ម៉ៅ អាយុទ្ធ ដោយផលិត និង ចាក់បញ្ចាំងនៅរោងភាពយន្តកាលពីអំឡុងឆ្នាំ ២០១៧។ ខ្សែភាពយន្តប្រវត្តសាស្ត្រខ្នាតធំនេះដែរ បើគិតមកទល់ពេលនេះបានផលិតរយៈពេលប្រមាណ ៥ ឆ្នាំមកហើយ តែក៏នៅមិនទាន់បែកធ្លាយសាច់រឿងមកខាងក្រៅជាសាធារណៈ ដែលជាហេតុមកដល់ឆ្នាំ ២០២២ នេះ ធ្វើឱ្យមហាជនជាច្រើនកំពុងតែសំណូមពរឱ្យមានការចាក់បញ្ចាំងក្នុងរោងកុនសាជាថ្មី៕