ដើរលើវិថីសិល្បៈជាង ១០ ឆ្នាំ Pooklook ទម្លាយថា ធ្លាប់ត្រូវគេ Bully រឿងនេះសឹងបាក់ស្បាត
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃភាគច្រើនមុខជាស្គាល់ច្បាស់ Pooklook Fonthip Watcharatrakul តារាសម្តែងស្រីដែលពោរពេញដោយទេពកោសល្យ និង មានរូបសម្រស់ស្រស់ស្អាត។
Pooklook បានបោះជំហានចូលសិល្បៈតាំងពីឆ្នាំ ២០១០ មកម្ល៉េះតាមរយៈការប្រកួតបវរកញ្ញា Miss Universe Thailand ហើយក៏បានឈ្នះមកុដរួចចូលប្រកួតលើឆាកអន្តរជាតិ ក្រោយមកនាងក៏បានក្លាយជាតារាសម្តែង ហើយទទួលដំណែងជាតួឯកស្រីរហូតដល់បច្ចុប្បន្ន។
ក្នុងអាជីពជាតារាជាង ១០ ឆ្នាំមកនេះ Pooklook បានទម្លាយថា ៖ «នាងធ្លាប់ត្រូវគេមើលងាយ និង រិះគន់ខ្លាំងៗ តាំងពីរឿងរូបសម្រស់ឡើង មិនត្រឹមតែប៉ុណ្ណោះគេថែមទាំងរិះគន់ការសម្តែងរបស់នាងថែមទៀត។ ដោយភាគច្រើននិយាយថា នាងមានខ្សែធំអូសចូលសិល្បៈ ចូលសម្តែងដំបូងៗគ្មានរឿងណាល្បីសោះ ហើយនៅតែបានតួឯកទៀត សម្តែងក៏មិនសម លេងរឹងៗ មិនស្អាត ចេះតែបានដំណែងតួឯកដែរ»។
Pooklook បានបន្ថែមថា ៖ «ពេលឮពាក្យទាំងនោះ នាងស្ទើរតែធ្វើចិត្តមិនបាន សឹងតែរត់ចោលពិភពសិល្បៈហើយ ដើម្បីទៅរៀនត ព្រោះតែនាងមានសុបិនមួយទៀតគឺចង់ក្លាយជាមេធាវី។ ចុងក្រោយក៏ធ្វើចិត្តបាន ព្រោះតែមានមិត្តក្នុងសិល្បៈលើកទឹកចិត្តថាអ្នកណាក៏ធ្លាប់ជួបរឿងបែបនេះដែរ យូរៗទៅគង់តែទម្លាប់ទេ»៕