Elon Musk ធ្វើដំណើរចម្ងាយមិនដល់ ១០ គីឡូម៉ែត្រ ជិះសុទ្ធតែយន្តហោះ មិនខ្ចីជិះឡាន
ថ្មីៗនេះ ព័ត៌មានបែកធ្លាយពីដំណើរជើងហោះហើររបស់មហាសេដ្ឋី Elon Musk បានធ្វើឱ្យសាធារណជនជាច្រើន មានការភ្ញាក់ផ្អើល និង ស្រឡាំងកាំងជាខ្លាំង។
និយាយជារួម ជើងហោះហើររបស់មហាសេដ្ឋីពិភពលោករូបនេះ ត្រូវបានរកឃើញថា បានធ្វើដំណើរចំណាយពេលត្រឹម ៥ នាទីប៉ុណ្ណោះ ចេញពីព្រលានយន្តហោះ អន្តរជាតិ Los Angeles ទៅកាន់ព្រលានយន្តហោះ Hawthorne ក្នុងរយៈចម្ងាយត្រឹម ៩.៦ គីឡូម៉ែត្រ បើគិតមធ្យោបាយធ្វើដំណើរដោយរថយន្ត Tesla វិញ អាចនឹងចំណាយពេលត្រឹម ១០ នាទីប៉ុណ្ណោះ។
ព័ត៌មានបែកធ្លាយនេះដែរ បានទម្លាយដោយ Jack Sweeney ដែលបុរសរូបនេះ មានគណនី Twitter ច្រើនណាស់ ដោយក្នុងនោះរួមមានគណនី @CelebJets និង @ElonJet ជាដើម ដើម្បីធ្វើការបង្ហោះតាមដានពីយន្តហោះឯកជនរបស់មហាសេដ្ឋី កំពូលតារាល្បីនានា។
ព័ត៌មាននៃជើងហោះហើររយៈពេលខ្លីបំផុតរបស់ Elon Musk នេះដែរ គឺបានទម្លាយឡើងត្រឹមប៉ុន្មានសប្ដាហ៍ ក្រោយតារាស្រី Kylie Jenner ដែលបានចំណាយប្រាក់ទិញយន្តហោះផ្ទាល់ខ្លួន ធ្វើដំណើរជាមួយមិត្តភក្តិ និង ក្រុមគ្រួសាររបស់នាង។ តាមរបាយការណ៍ពីសារព័ត៌មាន Daily Mail បានឱ្យដឹងថា តារាស្រីរូបស្រស់នេះ រងការរិះគន់ខ្លាំងចំពោះការធ្វើដំណើរតាមយន្តហោះឯកជនរបស់នាងនេះ ដោយសារតែរូបនាង ចំណាយពេលហោះហើរត្រឹម ១២ នាទីប៉ុណ្ណោះ ក្នុងរយៈចម្ងាយជាង ៤០ គីឡូម៉ែត្រ៕