ផ្អើលអ្នកគាំទ្រ! បន្ទប់ខុនដូប្រណិតរបស់ Ann ត្រូវចោរចូលលួច អស់ជាង២០ម៉ឺនដុល្លារ
កាលពីរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ យោងតាមសារព័ត៌មានរបស់ថៃ បានចុះផ្សាយឱ្យដឹងថា តារាសម្ដែងស្រី និង ផលិតករ Ann Thongprasom ជាមួយនឹងអ្នកគ្រប់គ្រងរបស់នាង បានទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីរាយការណ៍ បន្ទាប់ពីចោរបានចូលលួចទ្រព្យសម្បត្តិក្នុងខុនដូដ៏ប្រណិតរបស់នាង បាត់បង់ទ្រព្យអស់ជាង ១០លានបាត។
ហេតុការណ៍បានធ្វើឱ្យអ្នកគាំទ្ររបស់តារាស្រីរូបនេះ មានការភ្ញាក់ផ្អើល និងស្លុតចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងព័ត៌មានថា Ann Thongprasom ត្រូវបានចោរចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់នាង។
លើសពីនេះ រូបថតរបស់តារាស្រីរូបនេះ ជាមួយនឹងអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់នាង ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ខណៈពេលដែលកំពុងនាំ Ann ទៅប៉ុស្តិ៍ប៉ូលិស។ ជាមួយនឹងសារសរសេរថា៖ «អ្នកដែលឈរនៅប៉ុស្តិ៍ប៉ូលិស @annethong ជីវិតពិតជាងរឿងល្ខោន។ បាត់អស់គ្មានសល់ #ផ្ញើសារលើកទឹកចិត្តគ្នាទៅវិញទៅមក #ស៊ូៗ»។
នេះបើតាមសេចក្តីរាយការណ៍បន្ថែមរបស់ប៉ូលិស បានបង្ហើបថា ក្នុងករណីចោរចូលលួចក្នុងបន្ទប់ខុនដូដ៏ប្រណិតជាកម្មសិទ្ធិរបស់ Ann Thongprasom ខាងមន្រ្តីប៉ូលិស បានចំណាយពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ ទើបអាចឈានដល់ការតាមដាន និង ឃាត់ខ្លួនបាន។
បន្ទាប់ពីនេះ ប៉ូលិសបន្តការស៊ើបអង្កេតរបស់ជនជាប់ចោទ ត្រូវបានគេដឹងថាមានភាពស្និទ្ធស្នាលជាមួយតារាស្រីរូបនេះ ព្រោះខុនដូបែបនេះជាខុនដូបែបប្រណីត រីឯប្រព័ន្ធសុវត្ថិភាពគឺតឹងរឹងបំផុត អាចចេញនិងចូលបានសម្រាប់តែអ្នកដែលមានកាតសម្គាល់។ សម្រាប់ព័ត៌មានលម្អិតពីជនល្មើស តារាស្រីរូបនេះនឹងធ្វើសន្និសីទកាសែតផ្ទាល់ខ្លួនម្តងទៀត៕