MUT 2022 មានប្រវត្តិកម្សត់ ជាអតីតក្មេងរស់នៅជាមួយសំរាម ហើយពឹងបាយវត្តដើម្បីក្រពះ
កាលពីយប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ សម្រាប់កម្មវិធីការប្រកួតសម្រស់ Miss Universe Thailand 2022 បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅ ICONSIAM ដើម្បីស្វែងរកនារីស្រស់ស្អាតតំណាងឱ្យប្រទេសថៃ ទៅប្រកួតក្នុងកម្មវិធី Miss Universe លើកទី ៧១។
ជាលទ្ធផលអ្នកឈ្នះមកុដគឺបានទៅលើបវរកញ្ញា Anna Suea ពាក់ស្លាកលេខ ១៩ ដែលនាងជានារីម្នាក់ស្រស់ស្អាត ត្រូវបានគេដាក់រហស្សនាមថា កញ្ញាមកពីទីលានចាក់សំរាម។ ដើម្បីក្ដីសុបិនលើឆាកបវរកញ្ញា ពេលនេះនាងបានជោគជ័យក្នុងការឈ្នះពានបវរកញ្ញាចក្រវាលថៃ ឆ្នាំ ២០២២។
យ៉ាងណាមិញ មកដឹងអំពីជីវប្រវត្តិរបស់បវរកញ្ញាថៃ Anna Suea នាងគឺជាក្មេងស្រីដែលធំធាត់ជាមួយគំនរសំរាម។ Anna នាងជាស្រីស្អាតម្នាក់ ដែលមានភាពវៃឆ្លាត និងឧស្សាហ៍ព្យាយាម ដោយបានបញ្ចប់ការសិក្សាដំបូងពីមហាវិទ្យាល័យសិល្បៈ និង វិទ្យាសាស្រ្ត។ នាងតែងមានក្ដីស្រមៃ ជាអ្នកបម្រើការលើយន្តហោះ ព្រោះនាងចូលចិត្តអាជីពនេះ។
ជីវប្រវត្តិរបស់ Anna Suea បានទម្លាយពីកុមារភាព នាងគឺជាក្មេងស្រីម្នាក់ដែលធំធាត់នៅលើគំនរសំរាម។ ដោយសារតែម្ដាយឪពុករបស់ Anna ធ្វើការជាអ្នករើសសំរាមនៅទីក្រុងបាងកក នាងបានស្គាល់កន្លែងចាក់សំរាមតាំងពីនាងនៅក្មេង។ ខណៈដែលគ្រួសារនាងរវល់ធ្វើការខ្លាំងពេក ម្ដាយឪពុកនាងបានយកនាងទៅផ្ញើនឹងលោកយាយនៅឯវត្តដើម្បីជួយមើលថែ ហើយនាងក៏បានសិក្សាពីព្រះធម៌ពុទ្ធសាសនា ព្រមទាំងជ្រួតជា្របនូវពុទ្ធឱវាទច្រើនដូចគ្នា។
រយៈពេលកន្លងមក Anna Suea ក៏ធ្លាប់បានចូលរួមក្នុងកម្មវិធីប្រកួតសម្រស់រួចទៅហើយ។ នាងធ្លាប់ជា Miss Mobile Thailand 2018 ហើយនៅតែទទួលបានតំណែងជាបវរកញ្ញារងទី ២ ហើយឆ្នាំនេះ នាងក៏បានឆ្លងផុតបេក្ខនារី ៣០ រូបចុងក្រោយនៃវគ្គ Miss Universe Thailand 2022 ដោយជោគជ័យ ក្លាយជាម្ចាស់មកុដ៕