គ្រូពេទ្យទម្លាយស្ថានភាពបច្ចុប្បន្ន អ្នករាំវ័យ ២៧ឆ្នាំ ដែលត្រូវ LED ទម្ងន់ ៦០០ Kg សង្កត់ពីលើ
យោងតាមការរាយការណ៍របស់ HK01 នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ បានឱ្យដឹងថា អ្នករាំម្នាក់ដែលបានជួបគ្រោះថ្នាក់ធ្លាក់ LED ទម្ងន់ ៦០០ Kg សង្កត់ពីលើ មានឈ្មោះ A Mo វ័យ ២៧ឆ្នាំ បានទទួលការវះកាត់ធំចំនួន ២ កន្លែង។ បច្ចុប្បន្នស្ថានភាពរបស់លោក មិនទាន់ប្រសើរឡើងវិញទេ លោកត្រូវបានចាត់ទុកជាអ្នកជំងឺកម្រិតធ្ងន់ ដោយមានការតាមដានសុខភាពដោយវេជ្ជបណ្ឌិត។
ប្រភពដដែលបានបន្តថា អ្នករាំរូបនេះ បានរងរបួសក្បាល និង ក ធ្ងន់ធ្ងរ ដោយផ្នែកខួរក្បាលមានការដាច់សសៃឈាម និង ឆ្អឹងថ្គាមបាក់។ ក្នុងនោះ វេជ្ជបណ្ឌិត បាននិយាយថា ជីវិតរបស់ A Mo គឺដូចជាអព្ភូតហេតុមួយ ប៉ុន្តែលោកកំពុងប្រឈមនឹងហានិភ័យខ្លាំងដែរ ព្រោះដើមទ្រូង ក្បាល និង ក ប៉ះទង្គិចធ្ងន់។
គួររំឭកផងដែរថា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ ហេតុការណ៍ក្នុងការប្រគំតន្រ្តីដ៏ធំមួយក្នុងទីក្រុងហុងកុង បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មានកើតឧប្បត្តិហេតុនៅលើឆាកប្រគំតន្រ្តីរបស់ក្រុមចម្រៀងបុរសវ័យក្មេង Mirror។
ដោយផ្ទាំងអេក្រង់ ទម្ងន់ ៦០០ Kg ស្រាប់តែដាច់ធ្លាក់ចំកណ្តាលឆាក បណ្តាលឱ្យអ្នករាំ ២ នាក់រងរបួសធ្ងន់-ស្រាល។ អ្នករាំម្នាក់ មានឈ្មោះ A Feng បានរងរបួសស្រាល ប៉ុន្តែបានរងផលប៉ះពាល់ដល់ផ្លូវចិត្តខ្លាំង ចំណែកឯ A Mo បានរងរបួសធ្ងន់ ព្រោះត្រូវអេក្រង់ LED ធ្លាក់សង្កត់ពីលើ សន្លប់បាត់ស្មារតី បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ៕