លោក Nawat ធ្លាប់ទម្លាយថា រើសបាន Engfa ជា MGT 2022 ដូចរើសបានឃ្លាំងទ្រព្យ
តាំងពីទទួលតំណែងជាម្ចាស់មកុដ ២០២២ នៅថ្ងៃ ៣០ ខែមេសា ឆ្នាំ ២០២២ កន្លងមកនោះ ប្រជាប្រិយភាពរបស់ Engfa Waraha ហាក់កាន់តែបំបុកឡើងមួយកម្រិតទៀត ដោយសារតែរូបសម្រស់ ក៏ដូចជាអត្តចរិតរបស់នាង ព្រមជាមួយនឹងសមត្ថភាពសិល្បៈជាច្រើនទៀត។
ជាមួយគ្នានេះដែរ ដោយសារតែលទ្ធផលគាំទ្របែបនេះហើយ ទើបលោក Nawat ដែលជាស្ថាបនិករបស់កម្មវិធី Miss Grand បានលើកសរសើរពីនាងមិនដាច់ឡើយ ហើយថែមទាំងទម្លាយឱ្យដឹងថា នាងបានរកលុយឱ្យលោកច្រើនក្រែលណាស់។
លោក Nawat បានឱ្យដឹងថា ពេលនេះគ្រាន់តែ Engfa ម្នាក់ឯង នាងបានប្រមូលលុយឱ្យក្រុមហ៊ុនលោកជាង ២០ លានបាត ដែលស្មើនឹងជិត ៦ សែនដុល្លារបាត់ទៅហើយ។ ក្នុងនោះ Engfa មានការងារសិល្បៈហូរមកមិនចេះដាច់ឡើយ ហើយថែមទាំងមានអ្នកទាក់ទងមកថតរឿងទៀតផង ហើយនាងក៏ចង់ទទួលដែរ តែតារាងការងារពេញខ្លាំង មិនអំណោយផលឡើយ ជាពិសេសគឺនៅខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ នាងក៏នឹងមានខនសឺតផ្ទាល់ខ្លួនទៀត។
Nawat បានឱ្យដឹងទៀតថា ឆ្នាំនេះគឺពិតជាឆ្នាំមាស ឆ្នាំប្រាក់របស់ Engfa ក៏ដូចជាក្រុមហ៊ុន Miss Grand ហើយ លើសពីនេះទៅទៀត មើលទៅ Engfa ក៏ប្រហែលនឹងអាចប្រមូលលុយឱ្យលោកបានទៅដល់ ១០០ លានបាតឯណោះ ដោយសារតែប្រជាប្រិយភាពរបស់នាងកាន់តែមានជារឿយៗដូច្នេះ៕