អ៊ិន សុភិន ស្រឡាញ់ចៅស្រីស្ទើរលេប ទៅណាមកណាយកតាមខ្លួនមិនសូវឃ្លាត
ភ្លេចៗត្រចៀកតែប៉ុន្មានឆ្នាំសោះ គិតមកដល់ពេលនេះ នាងតូច Katherina កូនស្រីសំណព្វចិត្តរបស់តារាសម្ដែង ភិន សុដាលីស មានអាយុជិត ៦ ឆ្នាំហើយ ដែលកាន់តែធំនាងតូចកាន់តែស្រស់ស្អាត មុខមាត់រាងរៅក្រមិចៗគួរឱ្យក្នាញ់។
ងាកទៅលោក អ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្មមហាហង្សវិញ មើលទៅស្រឡាញ់នាងតូចរូបនេះខ្លាំងស្ទើរតែលេបទៅហើយ ព្រោះថានាងតូច Katerina គឺជាចៅស្រីដំបូងរបស់លោក។ ចាប់តាំងពីមានវត្តមានចៅស្រីរហូតធំដឹងក្ដីដល់ពេលនេះ លោក អ៊ិន សុភិន តែងបង្ហាញក្ដីស្រឡាញ់ចំពោះចៅស្រីរូបនេះខ្លាំងណាស់។
កន្លងមក លោក អ៊ិន សុភិន ក៏តែងថតរូបជាមួយចៅស្រីបណ្ដូលចិត្ត ចំណាយពេលវេលាជាមួយនាងតូច មើលថែផ្គាប់ចិត្ត យកនាងតូចទៅណាមកណាជាមួយ និង បង្ហាញពីទំហំនៃក្ដីស្រឡាញ់ចំពោះចៅស្រីដំបូងរូបនេះមិនដាច់ឡើយ។
តួយ៉ាងថ្មីៗនេះ ស្ថានិក Miss Grand Cambodia រូបនេះ ទើបតែបង្ហោះរូបថតឱបកៀកកិត ផ្ដល់ក្ដីស្រឡាញ់ឱ្យចៅស្រីសំណព្វចិត្ត បង្ហាញពីសកម្មភាពជូននាងតូចដើរលេងក្នុងឱកាសនាងតូចខំរៀនឡើងថ្នាក់ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមួយចំនួននាំគ្នាសរសើរពីទឹកចិត្តជាជីតារបស់លោក៕