ក្រុមស្រីស្អាត Sistar លេចមុខសម្តែងលើឆាកម្តងទៀត ក្រោយរំសាយក្រុមបាន ៥ ឆ្នាំ អ្នកគាំទ្ររំជួលចិត្តមិនស្ទើរ
ក្រុមចម្រៀងស្រីល្បីរបស់កូរ៉េ គឺក្រុម Sistar បានបម្រើអារម្មណ៍មហាជនអ្នកគាំទ្រច្រើនមកហើយ តាមរយៈបទចម្រៀងកន្ត្រាក់អារម្មណ៍ជាច្រើនបទ តែគួរឱ្យសោកស្តាយក្រុមស្រីស្អាតរូបនេះ ក៏បានបំបែកក្រុមបាត់ទៅហើយ កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រសោកស្តាយមិនតិចឡើយ។
យ៉ាងណាមិញ ក្រោយពីបំបែកក្រុមរួច គេឃើញថាសមាជិករបស់ Sistar នីមួយៗក៏បានងាកទៅផ្តោតលើការងាសិល្បៈផ្ទាល់ខ្លួនវិញ អ្នកខ្លះក៏នៅបន្តដំណើរលើវិស័យចម្រៀង ឯអ្នកខ្លះទៀតក៏បានប្រឡូកក្នុងការសម្តែងទៀតផង។
ដោយឡែក អវត្តមានរបស់ក្រុមស្រីស្អាត Sistar នៅក្នុងវិស័យ K-pop ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រនឹករឭកខ្លាំងណាស់ ម្នាក់ៗចង់ឃើញពួកគេត្រឡប់មកលើឆាកវិញ។ ជាក់ស្តែង ពិតជាបានដូចបំណងអ្នកគាំទ្រហើយ ដោយកាលពីថ្ងៃទី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ស្រីស្អាតសមាជិកទាំង ៤ របស់ក្រុម Sistar បានលេចមុខសម្តែងនៅលើឆាករបស់កម្មវិធីមួយម្តងទៀតហើយ ក្រោយពីបានបាត់មុខទៅជាង ៥ ឆ្នាំ។
ក្នុងនោះ ពួកគេបានសម្តែងបទរបស់ខ្លួនចំនួន ៥ បទ ដែលមានដូចជា «Touch My Body» «Shake it» «Loving U» «I Swear» និង «Alone»។ ទាំងក្រុមនេះ បានសម្តែងទល់មុខសំឡេងស្រែកហ៊ោកញ្រ្ជោលរបស់មហាជនអ្នកគាំទ្រជាច្រើន ហើយមើលទៅសមត្ថភាពសម្តែងរបស់ពួកក៏នៅតែដូចដើម នៅតែធ្វើឱ្យគេចង់កន្រ្តាក់រាំតាមសាច់ភ្លេង និង កាយវិការដ៏គួរឱ្យស្រឡាញ់របស់ពួកគេដដែល។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រទាំងឡាយ ឃើញបែបនេះហើយពិតជាសប្បាយចិត្តមិនស្ទើរឡើយ ថែមរំជួលចិត្តទប់អារម្មណ៍សឹងមិនបាននោះទេ ហើយម្នាក់ៗពិតជាចង់ឱ្យក្រុមមួយនេះ មកជួបជុំគ្នាវិញណាស់៕