តារា BL ថៃគូនេះ មានតម្លៃខ្លួនខ្ពស់កប់ពពក តារាស្រករក្រោយល្មមៗតាមមិនទាន់
បច្ចុប្បន្ន គេសង្កេតឃើញថា វិស័យខ្សែភាពយន្ត និង រឿងភាគថៃ បុរសស្រឡាញ់បុរស ឬ ហៅថា BL កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យសម័យថ្មី។ ជាពិសេស សម្រាប់តួអង្គសម្ដែងសុទ្ធសឹងតែស្រស់សង្ហា ព្រមទាំងពោរពេញដោយទេពកោលស្យខ្ពស់។ ទន្ទឹមនឹងនេះ «ប្រជាប្រិយ» សូមនាំប្រិយមិត្តមកស្គាល់តារាសម្ដែងប្រុស BL ថៃ ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង និង តម្លៃខ្លួនខ្ពស់ជាងគេ។
តារាសម្ដែងប្រុស BL ដែលមានតម្លៃខ្លួនខ្ពស់ជាគេនាពេលបច្ចុប្បន្ន គឺតារាសម្ដែងប្រុស Bright Vachirawit និង Win Metawin។ សម្រាប់ប្រិយមិត្តភាគច្រើនស្គាល់អ្នកទាំងពីរ តាមរយៈការសម្ដែងនៅក្នុងរឿង «2gether The Series» ពីព្រោះថា ក្នុងឆ្នាំ ២០២១ រឿងភាគ BL មួយនេះ បានជាប់ចំណាត់ថ្នាក់លេខ ១ និង ទទួលបានការទស្សនាច្រើនជាងគេ។ ជាពិសេស ចាប់តាំងពីពេលសម្ដែងរឿងភាគនេះមក តារាប្រុស Bright និង Win ផ្ទុះប្រជាប្រិយភាពខ្លាំងស្ទើរតែមិនគួរឱ្យជឿ ព្រោះថា ក្រោយពីរឿងភាគទូរទស្សន៍នេះ បានចាក់ផ្សាយចប់ ចំនួនអ្នក Follow ក្នុងគណនី IG របស់ពួកគេ សុទ្ធតែកើនឡើងខ្ទង់លានទាំងអស់។
លើសពីនេះទៅទៀតនោះ បន្ទាប់ពីផ្ទុះប្រជាប្រិយភាពខ្លាំងហើយ បើងាកទៅមើលពីតម្លៃខ្លួនរបស់តារាប្រុស BL មួយគូនេះវិញ ក៏មិនធម្មតាដូចគ្នា ព្រោះបើតាមការទម្លាយពីសារព័ត៌មានក្នុងស្រុករបស់ថៃមួយ បានទម្លាយដោយមិនលាក់លៀមថា ចំពោះតារា BL មួយគូនេះ ពេលដែលចេញទៅកម្មវិធីផ្សេងៗម្តងៗ តម្លៃខ្លួនក្នុងម្នាក់មិនទាបជាង ៥០០០ ដុល្លារឡើយ។
ចំណែក តម្លៃខ្លួនជាទូតសុឆន្ទៈ ក្នុងការផ្សព្វផ្សាយពីផលិតផលណាមួយ ក៏មិនតិចជាងក្រោម ១០ លានបាត ដែលស្មើនឹង ២៧ ម៉ឺនដុល្លារនោះដែរ។ លើសពីនេះទៅទៀតនោះ ប្រសិនបើ គូ BL មួយគូនេះ ចេញការងារជាមួយគ្នាវិញ តម្លៃនឹងគុណឡើងថ្វេគុណតែម្តង៕