ស្នេហាវិលជុំដូចកង់រទេះរបស់កំពូលតារាស្រីថៃ ដឹងហើយវិលមុខខ្ញាល់
រឿងរ៉ាវស្នេហារវាងមនុស្សម្នាក់ៗ ពិតជាមិនអាចមើលដឹងច្បាស់ ១០០ % ទេថា អាចរួមរស់គ្នាដល់ចាស់កោងខ្នង ឬ យ៉ាងណានោះ ពោលគឺគ្មានអ្នកណាម្នាក់ អាចកំណត់បានថាត្រូវតែជួបមនុស្សដែលអាចរួមវាសនាជាមួយ ជានរណាឱ្យប្រាកដណាស់ ព្រោះវាឋិតនៅលើបេះដូងរបស់មនុស្សពីរនាក់ ថាត្រូវការគ្នាកម្រិតណា ចង់នៅក្បែរគ្នាដល់ពេលណា។ ជាក់ស្តែង ដូចរឿងរ៉ាវស្នេហារបស់តារាស្រីល្បីៗថៃមួយចំនួនអ៊ីចឹង មហាជនសង្កេតឃើញថា ដៃគូស្នេហារបស់ពួកគេ ហាក់វិលជុំ មិនទៀងទាត់ អស់ពីម្នាក់ទៅម្នាក់ ឆ្លាស់គ្នា យ៉ាងនឹកស្មានមិនដល់។ ចង់ដឹងថា ស្នេហាវិលជុំ កើតឡើងចំពោះគូស្នេហ៍ណាខ្លះ សូមតាមដានទាំងអស់គ្នា ៖
១. តារាសម្តែងស្រី Aum Patcharapa
ជីវិតតារាស្រី Aum Patcharapa ពេលនេះហាក់មានន័យណាស់ បន្ទាប់ពីនាងទទួលបានគូស្នេហ៍យល់ចិត្តដូចជាហាយសូ Pok មក។ តែទោះជាយ៉ាងណា មុនផ្តើមស្នេហ៍ជាមួយហាយសូ Pok ពីមុនមក Aum Patcharapa ក៏ធ្លាប់ខកស្នេហ៍ជាមួយបុរសពីរនាក់មកហើយ ដែលមានដូចជា លោក Note Vises និង លោក Amp Phithan។ យ៉ាងណាមិញ ពេលនេះអតីតគូស្នេហ៍របស់នាងទាំងពីរ ក៏ក្លាយជាគូកំណាន់ចិត្តរបស់តារាស្រីជួរមុខពីររូប។ ក្នុងនោះ លោក Note Vises ពេលនេះក្លាយជាគូស្នេហ៍តារាស្រី Patricia ចំណែកឯ លោក Amp Phithan ក៏ក្លាយជាគូស្នេហ៍ស្អិតល្មួតជាមួយតារាស្រី Aom Sushar ដែរនាពេលនេះ។
២. តារាស្រី Bow Maylada
មហាជនសុទ្ធតែបានជ្រាបហើយថា តារាស្រីរូបនេះ ធ្លាប់មានទំនាក់ទំនងស្នេហាដ៏ស្អិតល្មួតជាមួយតារាប្រុសលោក Mick Thongraya តែចុងក្រោយពួកគេក៏មិនអាចបន្តចំណងស្នេហ៍នេះតទៅទៀតនោះទេ ។ ពិសេស បែកស្នេហាចាស់ជាមួយ Mick Thongraya ភ្លាម Bow Maylada ក៏ចាប់ផ្តើមបន្តចំណងស្នេហ៍ជាមួយតារាប្រុសសង្ហា Alek Teeradet ខណៈដែលតារាប្រុសរូបនេះ ក៏ទើបតែកំព្រាបេះដូង បន្ទាប់ពីបែកបាក់ស្នេហ៍ចាស់ជាមួយ ស្រីស្អាត Toey Jarinporn ។
៣. តារាស្រី Taew
មហាជនពិត ជាបានដឹងមកហើយ ពេលនេះតារាស្រី Taew កំពុងតែមានក្តីសុខណាស់ជាមួយនឹងសង្សារថ្មីបណ្តូលចិត្តរបស់នាង គឺលោក Pranai ដែលជាប្អូនប្រុសបង្កើតរបស់លោក Pok ជាសង្សារបច្ចុប្បន្នរបស់កំពូលតារាស្រី Aum។ Taew និង សេដ្ឋី Pranai តែងតែបង្ហាញភាពផ្អែលល្អែមចំពោះគ្នា មិនដែលដាច់ឡើយ នៅលើបណ្តាញសង្គម តែមហាជនខ្លះប្រាកដជាបានដឹងហើយថា លោក Pranai សង្សាររបស់តារាស្រីរូបនេះ គឺជាអតីតសង្សាររបស់មិត្តរួមអាជីពជាមួយនាង គឺតារាស្រីនាង Woonsen នេះឯង។
៤. តារាសម្តែងស្រី Mew Nittha
ចំពោះតារាស្រី Mew Nittha វិញ ពេលនេះនាងកំពុងសាងសុមភមង្គលយ៉ាងពេញទី ក្រោយបានរៀបការហើយជាមួយនឹងហាយសូរ Saint រួចមក។ បច្ចុប្បន្ន នាងទទួលបានទាយាទស្រី ដ៏គួរឱ្យស្រឡាញ់ម្នាក់។ យ៉ាងណាមិញ មហាជនក៏ប្រហែលជាមិនបានជ្រាបហើយថា ស្វាមីរបស់តារាស្រី Mew Nittha ធ្លាប់ជាអតីតសង្សាររបស់មិត្តរួមអាជីពជាមួយនាងដែរ គឺតារាស្រី Cris Horwang ។
៥. តារាស្រី Jooy Warattaya
បច្ចុប្បន្នតារាស្រីរូបនេះ កំពុងតែមានក្តីសុខ និង ទទួលបានភាពផ្អែមល្អែមពីស្វាមីសំណព្វចិត្តរបស់នាងគឺ Dj Push ប៉ុន្តែបើក្រឡេកទៅមើលពីទំនាក់ទំនងនាង មុននឹងរៀបការជាមួយ Dj Push នោះ នាងធ្លាប់មានទំនាក់ទំនងប្រើឈ្មោះជាសង្សារជាមួយលោក New Wongsakorn ដែលជាមិត្តភក្តិរបស់ Dj push ផងដែរ។
៦.តារាស្រី Gubgib
ទម្រាំបានស្វាមីយល់ចិត្តស្រឡាញ់ថ្នាក់ថ្នមដូចពេលបច្ចុប្បន្ន តាមពិតតារាស្រី Gubgib ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាប្រុសរូបសង្ហាលោក Mario អស់រយៈពេលជិត ១០ ឆ្នាំឯណោះ។ ចំណងស្នេហ៍របស់អ្នកទាំងពីរពេលនោះ ហាក់បីដូចជាមានការគាំទ្រខ្លាំងតែម្តង ពីសំណាក់មហាជន រហូតអ្នកគាំទ្រជាច្រើនទទូចសុំឱ្យអ្នកទាំងពីរដឹកដៃគ្នាចូលរោងការទៀតផង។ តែទោះជាយ៉ាងស្នេហាមួយនេះ ក៏មិនអាចបន្តទៅមុខទៀត បានត្រូវបញ្ចប់ ដោយបន្សល់ឈ្មោះត្រឹមជាអ្នកស្គាល់គ្នាតែប៉ុណ្ណោះ។ ក្រោយមក ស្រីស្អាត Gubgib ក៏បានជួបតារាប្រុស Bie និង បានចាប់ដៃគ្នាសាងស្នេហ៍រហូតបានរៀបការ និង មានកូន ២ នាក់ជាចំណងដៃ នាពេលបច្ចុប្បន្ន៕