Best អាចរកលុយបានពី Youtube ច្រើន រហូតអាចដោះបំណុលឪពុកបាន
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពី Youtuber ស្រីវ័យ ២២ ឆ្នាំ នាង Best Kamsing ព្រោះនាងជាមនុស្សរបស់មហាជនម្នាក់ដែលទទួលបានការគាំទ្រមិនតិចនោះទេ ពីសំណាក់អ្នកគាំទ្រក្នុង និង ក្រៅប្រទេស។ មួយវិញទៀត នាងក៏ត្រូវជាគូស្នេហ៍របស់បុរសសង្ហា Tong Tong ផងដែរ។
ដោយសារតែការខិតខំប្រឹងប្រែងនៅលើវិស័យជា Youtube និង ក្លាយជា Youtuber ល្បីឈ្មោះម្នាក់ អស់ពេលជាច្រើនឆ្នាំមក ឃើញថា Best Kamsing នាងហាក់ជោគជ័យខ្លាំង និង កាន់តែធ្វើឱ្យមហាជន ជាច្រើនស្គាល់នាងរឹតកាន់តែច្បាស់។
លើសពីនេះទៅទៀត ថ្មីៗនេះ Youtuber វ័យក្មេងរូបនេះ ក៏បានលេចមុខទម្លាយពីរឿងរ៉ាវ និង ភាពជោគជ័យរបស់ខ្លួន បង្ហាញប្រាប់ដល់មហាជនអ្នកគាំទ្រឱ្យបានជ្រាបតាមរយៈកម្មវិធីជជែកកម្សាន្តមួយថែមទៀតផង។ ក្នុងនោះ នាងបានទម្លាយដោយមិនលាក់បាំងថា ចាប់តាំងពីនាងចាប់ផ្តើមរកចំណូលពី Youtube មក ពេលនេះ នាងបានសងបំណុលជាច្រើនរបស់គ្រួសាររបស់នាងរួចរាល់អស់ហើយ។
អ្វីដែលកាន់តែពិសេស ពិធីករក៏បានសួរទៅកាន់នាងថា ប្រាក់ចំណូលដែលល្បីថា នាងទទួលបានការធ្វើ Youtube ក្នុងមួយឆ្នាំ ទទួលបាន ៦២ លានបាត តើពិតដែរឬទេ? ភ្លាមនោះ នាងក៏បានឆ្លើយមួយម៉ាត់យ៉ាងខ្លីថា នាងមិនដឹងនោះទេសួរម្តាយនាងចុះ ព្រោះម្តាយរបស់នាងជាអ្នកគ្រប់គ្រងលុយចំណូលរបស់នាងទាំងអស់៕