ចាំតួអាចាណា និង ម៉ាណាវ ក្នុងរឿង «ជីវិតស្ត្រីមេផ្ទះ» ទេ? ខ្សែជីវិតពិតក្រៅឆាកប្រែប្រួលណាស់
បើនិយាយដល់ភាពយន្តឥណ្ឌារឿង «ជីវិតស្ត្រីមេផ្ទះ» ដែលជាភាពយន្តភាគដែលវែងជាងគេបំផុតរហូតដល់ជិត ៤ ឆ្នាំបានបញ្ចប់នោះ គឺជាភាពយន្តមួយផ្ទុះប្រជាប្រិយភាពខ្លាំងក្នុងប្រទេសឥណ្ឌា ក៏ដូចជាមហាជនក្នុងប្រទេសខ្មែរ ដោយទោះបីជារឿងនេះវែងខ្លាំងរហូតរាប់ឆ្នាំក៏ពិតមែន ប៉ុន្តែសាច់រឿងគឺមានការប្រទាក់ក្រឡាគ្នាឱ្យអ្នកទស្សនាជាប់ចិត្តតាមដានឥតដាច់សូម្បីមួយភាគ។
រឿង «ជីវិតស្ត្រីមេផ្ទះ» ចាក់បញ្ចាំងនៅប្រទេសឥណ្ឌាចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៤ និង យកមកបកប្រែចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៥។ ភាពយន្តដ៏វែងបំផុតរបស់ឥណ្ឌាមួយនេះ គឺជាភាពយន្តបែបមនោសញ្ចេតនា ស្នេហា បំបែកបំបាក់ ឈ្នានីសគ្នា នៃក្រុមគ្រួសារចំនួន ៣ ជំនាន់ ដែលរឿងមួយនេះដែរក៏បានឆ្លុះបញ្ចាំងពីតថភាពនៃជីវិតពិតនៃសង្គមក្នុងប្រទេសឥណ្ឌាផងដែរ។
ដោយឡែក រំលងទៅប្រមាណជា ៧ ឆ្នាំមកនេះ មហាជនជាច្រើនក៏មានការនឹករឭកដល់តួអង្គសំខាន់ប្រចាំខ្សែភាពយន្តមួយនេះគឺតួអង្គ អាចាណា ដែលសម្ដែងដោយនាង Ankita Lokhande និង តួអង្គ ម៉ាណាវ សម្ដែងដោយតារាប្រុស Sushant Singh Rajput ដោយគ្រប់គ្នាចង់ដឹងថាតើ ខ្សែជីវិតរបស់ពួកគេមកទល់ពេលនេះរសាត់អណ្ដែតដល់ណាហើយ។
១. Ankita Lokhande
តារាសម្ដែង Ankita Lokhande កើតនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៨៤ ដែលជាតារាស្រីមួយរូប មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងប្រចាំប្រទេសឥណ្ឌា។ រូបនាងបានចូលរួមសម្ដែងក្នុងភាពយន្តជាច្រើន មិនថាជារឿងខ្នាតធំ ឬ ក៏រឿងភាគទូរទស្សន៍នោះឡើយ ដោយភាពយន្តដែលនាងផ្ទុះប្រជាប្រិយភាពខ្លាំងបំផុតនោះគឺរឿង «ជីវិតស្ត្រីមេផ្ទះ» នេះឯង។ Ankita បច្ចុប្បន្ននៅតែបន្តអាជីពជាតារាសម្ដែងដដែល ហើយបើនិយាយពីរូបសម្រស់វិញ តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ នៅតែស្រស់ស្អាតខ្លាំងមិនប្រួលប្រែឡើយ។ Ankita ឥឡូវនេះមិនទុកខ្លួនឱ្យទំនេរខ្លួនមួយនោះឡើយ ដោយរូបនាងបានរៀបការជាមួយអ្នកជំនួញម្នាក់ឈ្មោះ Vicky Jain កាលពីខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ប៉ុន្តែមិនទាន់ទទួលបានតំណក់ឈាមរួមគ្នានៅឡើយទេ។
២. Sushant Singh Rajput
Sushant Singh Rajput កើតថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩៨៦ ដោយតារាសម្ដែងប្រុសរូបនេះ ក៏ទទួលបានភាពជោគជ័យ និង ប្រជាប្រិយភាពមិនតិចនោះដែរលើវិស័យភាពយន្តក្នុងប្រទេសឥណ្ឌា។ ទេពកោសល្យលើវិស័យសម្តែងរបស់ Sushant គឺតែងតែទទួលបានការកោតសរសើរ និង គាំទ្រខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ មិនថាក្នុង និង ក្រៅប្រទេសនោះឡើយ។ ទោះជាយ៉ាងណា ជារឿងដ៏គួរឱ្យសោកស្ដាយជាទីបំផុត ដោយសារតែតារាសម្ដែង Sushant លែងមានវត្តមានតទៅទៀតហើយ ដោយសារតែរូបលោកបានទទួលមរណភាពទៅហើយ ក្នុងវ័យត្រឹម ៣៤ ឆ្នាំ ដោយការធ្វើអត្តឃាតក្នុងគេហដ្ឋានរបស់លោកនៅឯតំបន់ Bandra នាទីក្រុង Mumbai៕