(វីដេអូ) ជិតដល់ថ្ងៃចូលរោង ធ្លាយរូបភាព Weir លុតជង្គង់សុំអនាគតប្រពន្ធរៀបការ ឯផ្ទះចម្ការយ៉ាងសាមញ្ញ
មហាជនមួយចំនួនមុខជាបានជ្រាបហើយថា កំពូលតារាសម្តែងប្រចាំប្រទេសថៃ Weir Sukollawat កំពុងត្រៀមចូលរោងការជាមួយគូស្នេហ៍ថ្មីដែលជាអ្នកក្រៅរង្វង់សិល្បៈនៅថ្ងៃទី ១៧ ខែកក្កដា ខាងមុខនេះ។
ក្រោយប្រកាសដំណឹងរៀបការយ៉ាងឆាប់រហ័ស តារាប្រុស Weir និង គូស្នេហ៍ក៏បានដឹកដៃគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ និង ចែកធៀបការដល់ភ្ញៀវមួយចំនួនរួចរាល់ផងដែរ ព្រោះតែថ្ងៃពិសេសហាក់កាន់តែកៀកមកដល់។
យ៉ាងណាមិញ នៅថ្ងៃទី ១៣ ខែកក្កដា លោក Nut Atirut តារាសម្តែងប៉ុស្តិ៍លេខ ៧ និង ជាមិត្តភក្តិជិតស្និទ្ធរបស់ Weir ក៏បានបង្ហោះវីដេអូដំណើរកម្សាន្តនៅលើឆាណែលយូធូបរបស់ខ្លួន ដោយបង្ហាញឱ្យដឹងថាតាមពិតទៅលោក Weir បានសុំគូស្នេហ៍រៀបការតាំងពីអំឡុងពេលធ្វើដំណើរកម្សាន្តទៅលេងផ្ទះចម្ការរបស់ Weir មកម្ល៉េះ ហើយទើបបង្ហោះរូបនៅលើបណ្តាញសង្គមតាមក្រោយ។
ដោយ Nut បានរៀបរាប់ថា ៖ «រៀបចំគម្រោងថាទៅ Nakhon Nayok តែចុងក្រោយក៏ប្តូរមកជា Khao Yai វិញ។ ទីនេះមានសួនបន្លែ ជាឋានសួគ៌សម្រាប់អ្នកចូលចិត្តធ្វើម្ហូប ហើយ Vickki ក៏បង្ហាញស្នាដៃបុកល្ហុងយ៉ាងមានរសជាតិឆ្ងាញ់ នៅចុងឃ្លីបនឹងមានអ្វីពិសេសតាមមើលទាំងអស់គ្នា»។
ដោយចុងនៃឃ្លីបគឺមិនបានបង្ហាញវីដេអូ អំឡុងពេល Weir លុតជង្គង់ទេ តែ Nut បានទម្លាយរូបថតនៅរាត្រីនោះជាច្រើនសន្លឹកអំឡុង និង ក្រោយពេលសុំរៀបការដែលមើលទៅសប្បាយរីករាយយ៉ាងខ្លាំង។ សូមទស្សនាវីដេអូខាងក្រោមដើម្បីដឹងកាន់តែច្បាស់ ៖