ក្រោយផ្អាកពីសិល្បៈអស់ ៥ ឆ្នាំ Kim Woo Bin វិលមកថតសម្ដែងវិញទាំងព្រួយចិត្តខ្លាំង
ប្រសិនបើប្រិយមិត្តអ្នកគាំទ្រក្រឡេកមើលប្រវត្តិរូបរបស់ Kim Woo Bin នៅលើ Wikipedia បើទោះបីមិនសូវជាផ្លូវការក៏ដោយ ប៉ុន្តែនៅទីនោះអ្នកគាំទ្រអាចមើលឃើញព័ត៌មានលម្អិតមួយចំនួន។
ដោយសារតែ Kim Woo Bin ដើមឡើយ លោកជាតារាបង្ហាញម៉ូដ ហើយបានចូលប្រឡូកក្នុងអាជីពសម្ដែងក្នុងឆ្នាំ ២០១១ ដោយត្រូវគេមើលឃើញពីប្រជាប្រិយភាពរបស់លោកក្នុងឆ្នាំ ២០១៣ ហើយរហូតដល់ឆ្នាំ ២០១៦ លោកមានឱកាសបានដើរជាតួឯកដំបូងក្នុងរឿង «Uncontrollably Fond»។
ប៉ុន្តែអ្វីៗទាំងអស់របស់តារាប្រុសរូបនេះ បានផ្អាកស្ទើរតែទាំងស្រុងនៅដើមឆ្នាំ ២០១៧ នៅពេលដែលលោកត្រូវបានរកឃើញថាមានជំងឺមហារីកបំពង់ក។ គ្រានោះ Kim Woo Bin បានបញ្ឈប់សកម្មភាពក្នុងសិល្បៈទាំងអស់ជាបណ្តោះអាសន្ន ដើម្បីផ្តោតលើការព្យាបាល ហើយលោកបាត់មុខសូន្យឈឹង មិនមានសូម្បីតែរូបថតបង្ហោះនៅលើបណ្តាញសង្គម។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះ Kim Woo Bin ក៏បានវិលត្រឡប់មកវិញហើយ នៅឆ្នាំ ២០២២ នេះ។ ដោយការវិលត្រឡប់មកថតសម្ដែងវិញរបស់តារាប្រុសរូបនេះ លោកមានគម្រោងថតខ្សែភាពយន្តចំនួន ២ ទាំងខ្នាតធំ និង ខ្នាតតូច។ ចំពោះខ្សែភាពយន្ដដែលលោកបានថតនោះ មានចំណងជើងថា «Blues» និង មួយទៀតគឹ «Alienoid»។ យ៉ាងណាមិញ ខ្សែភាពយន្ដមានចំណើងជើងថា «Blues» លោកទើបតែបានថតបញ្ចប់កាលពីខែ មិថុនា កន្លងទៅនេះ។ រីឯ ខ្សែភាពយន្ដដែលមានចំណងជើងថា «Alienoid» វិញ គឺគ្រោងនឹងចេញផ្សាយនៅចុងខែ កក្កដា ខាងមុខនេះ។
បើតាមការផ្តល់បទសម្ភាសរបស់ Kim Woo Bin ជាមួយនឹង Esquire Korea ទាក់ទងនឹងការវិលត្រឡប់មកវិញលើកនេះ តារាប្រុសរូបនេះ បាននិយាយថា៖ «អស់រយៈពេល ៥ ឆ្នាំមកហើយ ដូចជាយូរណាស់ហើយ។ ខ្ញុំមានការព្រួយបារម្ភខ្លាំង ព្រោះយូរមកហើយខ្ញុំមិនបានចេញសម្ដែងនោះទេ ប៉ុន្តែក្រោយពីសម្ដែងវិញមក ទើបខ្ញុំដឹងថាអ្វីៗមិនប្លែកដូចការគិតនោះទេ»៕