នី រតនា ឆ្លើយតបទាំងញញឹម ពេលគេសួរបើកូនធំឡើង មានដុងសិល្បៈ លោកគិតម៉េច?
តារាចម្រៀង នី រតនា បានរៀបការសាងគ្រួសារមួយភរិយាបណ្ដូលចិត្ត ព្រមទាំងទទួលបានតំណក់ឈាមកូនស្រីដ៏ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះ នីវណ្ណ មែលឡានី។
ពេលនេះនាងតូច មែលឡានី មានអាយុជាង ២ ឆ្នាំហើយ ក្នុងនោះតារាចម្រៀងរូបសង្ហា នី រតនា ស្រាប់តែបង្ហើបនៅក្នុងបទសម្ភាសជាមួយសិល្បករកម្ពុជាថា ទៅថ្ងៃអនាគតលោកមានចំណងចង់បានកូន ២ នាក់បន្ថែមទៀត ប៉ុន្ដែមិនទាន់ច្បាស់ថានឹងអាចស្របតាមចំណងនៅឡើយទេ។
ងាកទៅមើលកូនស្រី នី រតនា បច្ចុប្បន្ននាងតូច កំពុងទទួលបានការស្រឡាញ់ចូលចិត្តពីបណ្ដាអ្នកគាំទ្រជាច្រើន ព្រោះតែភាពក្រមិចក្រមើម និង មុខមាត់គួរឱ្យក្នាញ់របស់នាងតូច បើសិនជាធំឡើងនាងតូចមានទេពកោសល្យផ្នែកសិល្បៈច្បាស់ជាល្បីមិនខុសពីលោកប៉ាមិនខាន។
ទាក់ទងនឹងការប្រឡូកសិល្បៈនេះ នី រតនា បានលើកឡើងទាំងញញឹមញញែមថា បើសិនជាកូនស្រីធំឡើងមានដុងសិល្បៈពិតមែន លោកមិនហាមឃាត់ឡើយ តែផ្ទុយទៅវិញលោកនឹងនៅពីក្រោយខ្នងជួយជំរុញ លើកទឹកចិត្តឱ្យកូនស្រីធ្វើអ្វីដែលនាងតូចស្រឡាញ់ពេញចិត្តមិនខាន៕