ម៉េង កែវពេជ្ជតា អរកខិបកខុប ពេលឃើញកូនប្រុសជោគជ័យក្នុងការសិក្សាបានមួយជំហាននៅបារាំង
បើនិយាយពីរឿងរ៉ាវជីវិតឯកជនរបស់តារាចម្រៀងស្រីជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា មហាជនសុទ្ធសឹងតែជ្រាបហើយថា ក្រោយពីជួបបញ្ហាបែកបាក់ជីវិតអាពាហ៍ពិពាហ៍ តារាចម្រៀងស្រីរូបនេះក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ និង កូនស្រីម្នាក់ផងដែរ។
មកដល់ពេលនេះ កូនប្រុសស្រីរបស់អ្នកនាង ម៉េង កែវពេជ្ជតា ធំៗពេញរូបពេញរាងហើយ ដែលសុទ្ធសឹងតែស្អាតៗ ឆ្លាត ពូកែ ដោយកូនប្រុសច្បងកំពុងបន្តការសិក្សានៅប្រទេសបារាំង រីឯកូនស្រីរស់នៅប្រទេសកម្ពុជាជាមួយអ្នកនាង។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រី ម៉េង កែវពេជ្ជតា បានបង្ហាញពីអារម្មណ៍ហាក់រំភើបសប្បាយចិត្ត និង មោកភាពខ្លាំងចំពោះកូនប្រុសបណ្ដូលចិត្តរបស់អ្នកនាង ក្រោយពីបានឃើញកូនប្រុសជោគជ័យក្នុងការសិក្សាបានមួយជំហានហើយ ពោលគឺកូនប្រុសរបស់អ្នកនាងបានប្រឡងជាប់ក្នុងថ្នាក់សិក្សាមួយ ដែលនឹងបន្តធ្វើការសិក្សានៅសាលាមួយទៀតលើទឹកដីបារាំងផងដែរ។
ក្នុងនោះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសាររៀបរាប់ថា ៖ «ពេលនេះ កូនប្រុស រតនៈ បានប្រឡងឡើងថ្នាក់ជាប់ជាស្ថាពរហើយ បងប្អូនពូមីង លោកយាយលោកតាអើយ ហើយកន្លែងដែលគាត់ប្រាថ្នា សាលាដែលគាត់ចង់រៀនក៏គាត់យកបានដែរ កូនប្រុសរបស់ម៉ែបានសម្រេចជោគជ័យដ៏ធំធេងក្នុងការសិក្សាមួយជំហានហើយ ម៉ែសប្បាយចិត្តខ្លាំងណាស់ នៅជំហានបន្ទាប់ទៀតកូនត្រូវខំប្រឹងទៀតណាកូន ម៉ែជឿថាកូនអាចធ្វើបាន អរគុណកូនម៉ែដែលខិតខំសិក្សា និង ធ្វើតាមរហូតមិនឱ្យម៉ែ និង អ្នកមានគុណខកចិត្តទេ ប៉ុណ្ណេះការលះបង់ចោលការងាររត់ទៅរត់មករបស់ម៉ែដើម្បីមើលកូន មិនអត់ប្រយោជន៍ឡើយ ម៉ែមិនហត់ទេកូន មិនហត់ទេ ខំទៀតណាកូន សូមព្រះថែរក្សាកូនៗល្អរបស់ម៉ែ»។
ឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បង្ហាញការសាទរ និង ពាក្យពេចន៍ជូនពរដល់កូនប្រុសរបស់ តារាស្រីរូបនេះ គ្រប់គ្នាផងដែរ៕