Build តួអង្គ Pete ចេញមុខសុំទោសភ្លាមៗ ក្រោយផ្ទុះរឿងមានកំហុសមួយ កាល ៨ ឆ្នាំមុន
តារាប្រុសរូបសង្ហា Build Jakapan Puttha គឺជាតួសម្ដែងម្នាក់ក្នុងរឿងបុរសស្រឡាញ់បុរស «Kinnporsche The Series » ដោយសម្ដែងជាតួអង្គមានឈ្មោះថា Pete។ ចាប់តាំងតែចូលខ្លួនសម្តែងរឿងភាគ BL នេះមកគេឃើញថា តារាប្រុស Build ហាក់ផ្ទុះការគាំទ្រខ្លាំងមួយកម្រិតទៀត។
ដោយឡែក ស្របពេលដែលកំពុងតែមានឈ្មោះបោះសំឡេងក្នុងរឿង «Kinnporsche The Series» ថ្មីៗនេះស្រាប់តែ Build ទទួលការរិះគន់ជាខ្លាំង បន្ទាប់ពីមានអ្នកគាំទ្រមួយចំនួនបានគាស់កកាយរឿងរ៉ាវអាស្រូវដែលតារាប្រុស Build ធ្លាប់ Bully មនុស្សស្រីចំពោះការស្លៀកពាក់សិចស៊ីកាលពី ៨ ឆ្នាំមុន។ ជាមួយនឹងរឿងរ៉ាវអតីតនេះ បានធ្វើឱ្យអ្នកគាំទ្រខ្លះទាមទារឱ្យ Build ចេញមុខទទួលខុសត្រូវនូវទង្វើរបស់ខ្លួនកាលពីមុន។
យ៉ាងណាមិញ ងាកមកមើលតារាប្រុស Build ឯណេះវិញ ក្រោយពីកើតរឿងរ៉ាវភ្លាមស្រាប់តែតារាប្រុសរូបនេះ បានចេញមកសុំការអភ័យទោសជាសាធារណៈដោយបានសរសេរថា ៖ «សម្រាប់រឿងដែលបានកើតឡើងកាលពីមុន ខ្ញុំសូមធ្វើការអភ័យទោសចេញពីចិត្ត ដែលរឿងរ៉ាវនោះបានធ្វើឱ្យគ្រប់គ្នាជាប់ដិតដាមមកទល់បច្ចុប្បន្ន។ ពេលនេះខ្ញុំទទួលបានការអប់រំ និង ដាស់តឿនពីក្រុមហ៊ុន Be On Cloud រួចរាល់ហើយ»។
លើសពីនោះ តារាប្រុសរូបនេះក៏បានបន្ថែមទៀតថា ៖ «ខ្ញុំជឿថាមនុស្សយើងគឺអាចកែប្រែបាន ហើយរូបខ្ញុំក៏បានកែប្រែដូចគ្នា ខ្ញុំមិនអាចទៅលុបរឿងអតីតកាលបានឡើយ ខ្ញុំព្រមទទួលស្គាល់ថារឿងពីមុនដែលខ្ញុំបានធ្វើគឺជាទង្វើមិនគប្បីនោះទេ ហើយខ្ញុំក៏ស្ទើរបំភ្លេចវាបាត់ទៅហើយថាខ្ញុំធ្លាប់ជាមនុស្សបែបនោះ។ ប្រសិនបើខ្ញុំគិតបានវែងឆ្ងាយនៅថ្ងៃនោះ ច្បាស់ណាស់វានឹងមិនអាចកើតមានរឿងបែបនេះឡើយ។ សកម្មភាពកាលពីពេលនោះវាបានត្រឡប់មកបំផ្លាញផ្លូវចិត្តគ្រប់គ្នា រួមទាំងខ្ញុំផងដែរ តែខ្ញុំសុំឱ្យទង្វើពីអតីតកាលរបស់ខ្ញុំជាមេរៀនដាស់តឿនសតិរបស់ខ្ញុំទៅចុះ ដើម្បឱ្យការនិយាយខ្ញុំមានការគិតបានវែងឆ្ងាយជាងនេះ។ ខ្ញុំសន្យាថាខ្ញុំនឹងធ្វើជាមនុស្សល្អជារៀងរាល់ថ្ងៃ»។
ក្រោយពីបង្ហោះសារសុំអភ័យទោសរួចមក គេឃើញថាមានអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញសរសើរ និង លើកលែងទោសចំពោះ តារាប្រុស Build ដែលចេះកែខ្លួន និង ទទួលខុសត្រូវនូវទង្វើរបស់ខ្លួន។ ក្នុងនោះ ម្នាក់ៗក៏ស្នើឱ្យប្រិយមិត្តដែលរិះគន់គួរបញ្ឈប់ទៅ ពីព្រោះវារឿងអតីកាលទៅហើយ ជាពិសេសអតីតកាលនរណាក៏ធ្លាប់មានដូចគ្នាបើថាអាចលុបបាន គួរតែកុំរំឭក៕