គួរឱ្យសរសើរ! នៅក្មេងសោះ Sprite មានក្ដីស្រមៃវែងឆ្ងាយ ចង់បើកមុខជំនួញមួយនេះ
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយ ពីតារារ៉េបវ័យក្មេងល្បីឈ្មោះប្រចាំប្រទេសថៃ គឺ Sprite ដែលមកទល់ពេលនេះ ក្មេងប្រុសរូបនេះមានអាយុត្រឹម ១៦ ឆ្នាំតែប៉ុណ្ណោះ តែអ្វីដែលនឹកស្មានមិនដល់ត្រឹម ១៦ ឆ្នាំ Sprite អាចក្លាយខ្លួនជាតារារ៉េបវ័យក្មេងល្បីប្រចាំប្រទេសមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីបាត់ទៅហើយ។
មិនត្រឹមតែមហាជនក្នុងប្រទេសនោះទេ ដែលស្គាល់ និង គាំទ្រចំពោះសមត្ថភាពក្មេងប្រុសរូបនេះ តែសូម្បីតែមហាជនក្រៅប្រទេសវិញក៏ស្រឡាញ់គាំទ្រជាច្រើនផងដែរ។ ពិសេស ក្នុងនោះក៏មានយុវវ័យកម្ពុជាមិនតិចនាក់នោះដែរ ដែលស្រឡាញ់គាំទ្រ Sprite បន្ទាប់ពីរូបគេបានលេចមុខក្នុងបទចម្រៀងមួយបទ ដែលច្រៀងរួមជាមួយតារារ៉េបល្បីរបស់កម្ពុជាលោក Vanda ក្នុងបទ «Run The Town» រួចមក។
លើសពីនេះទៅទៀត បន្ទាប់ពីមានអាជីពជាតារារ៉េបវ័យក្មេងល្បីនៅក្នុងប្រទេសថៃហើយ អ្វីដែលសំខាន់ថ្មីៗនេះ Sprite ក៏បានទម្លាយពីបំណងប្រាថ្នាដែលរូបគេផ្ទាល់ ចង់សម្រេចនូវពេលគេមានអាយុ ២០ ឆ្នាំ ទៀតផង។ ក្នុងនោះ តាមរយៈកម្មវិធី «Woody Show» តារាចម្រៀងរ៉េបវ័យក្មេងរូបនេះ បានទម្លាយថា ក្រៅពីអាជីពជាអ្នករ៉េប រូបគេមានបំណងប្រថ្នាមួយទៀតគឺ ចង់រកលុយឱ្យបានច្រើន ដើម្បីបង្កើតមុខជំនួញមួយសម្រាប់ខ្លួនឯង។ ហើយមុខជំនួញដែលគេចង់ធ្វើនោះ គឺចង់ក្លាយជាម្ចាស់ផ្ទះជួលមួយកន្លែង នៅក្នុងទីក្រុងបាងកក។
លើសពីនេះទៅទៀត Sprite ក៏បានទម្លាយបន្ដ ដោយមិនលាក់បាំងទៀតថា មូលហេតុដែលគេចង់ក្លាយជាម្ចាស់ផ្ទះជួលនៅទីក្រុង ដោយសារតែ រូបគេគិតថា អាជីពជាតារារ៉េបរបស់គេពេលនេះកំពុងតែមានសន្ទុះក៏ពិតមែន តែមិនអាចមើលឃើញពីអនាគតនោះទេថា វានឹងស្ថិតស្ថេរ ឬ មានអ្នកស្រឡាញ់គាំទ្ររហូតនោះ។ ដូច្នេះ រូបគេផ្ទាល់ចង់មានមុខរបរមួយទៀត ដែលអាចរកចំណូលបានរាល់ខែដោយមិនចាំបាច់ហត់នឿយខ្លាំង ហើយបើទោះបីជាអត់អាជីពសិល្បៈ ក៏គេអាចមានចំណូល និង ចិញ្ចឹមគ្រួសារបាន៕