អបអរសាទរ! តួនាង Gangubai ទទួលបានទាយាទស្នងត្រកូលហើយ ក្រោយរៀបការបាន ៣ ខែ
ខ្សែភាពយន្តឥណ្ឌា រឿង «Gangubai Kathiawadi» ហាក់កំពុងតែផ្ទុះកក្រើកខ្លាំង ដោយមានអ្នកនិយមទស្សនាច្រើនសន្ធឹកសន្ធាប់ ព្រោះរឿងនេះបានបើកបង្ហាញឱ្យឃើញពីខ្សែជីវិតយ៉ាងជូរចត់ពិបាកនឹងពណ៌នារបស់តួអង្គស្រី នាង Gangubai ដែលត្រូវសង្សារបោកប្រាស់ល្បួងយកមកលក់ធ្វើជាស្រីសោភិនីតាំងពីអាយុ ១៦ ឆ្នាំ តែទោះជាយ៉ាងណា នាងមិនចុះចាញ់នឹងវាសនាតស៊ូរហូតក្លាយជាមេបនចិត្តធម៌ទាមទារសិទ្ធិជូនស្ត្រីរកស៊ីផ្លូវភេទ។
សម្រាប់រឿងមួយនេះដែរ គឺសម្ដែងដោយតារាស្រី Alia Bhatt ដែលជាតារស្រីជួរមុខម្នាក់ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ហើយនាងក៏ជាតារាស្រីដែលទទួលបានពានរង្វាន់ច្រើនទៀតផង។ ទន្ទឹមនឹងការចូលខ្លួនសម្តែងក្នុងរឿង «Gangubai» នេះ គេឃើញថានាង Alia Bhatt ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសគឺមហាជនខ្មែរ និង ថៃ នេះតែម្តង។
យ៉ាងណាមិញ ថ្មីៗនេះមហាជនហាក់នាំគ្នាសម្ដែងការអបអរសាទរចំពោះនាង Alia Bhatt ជាខ្លាំង បន្ទាប់ពីតារាស្រីរូបនេះបានចេញមកប្រកាសដំណឹងថានាងកំពុងតែមានផ្ទៃពោះ ខណៈដែលរៀបការបានប្រមាណជា ៣ ខែ។
គួរឱ្យដឹងដែរថា កាលពីខែមេសា ឆ្នាំ ២០២២ កន្លងទៅ តារាស្រី Alia Bhatt បានរៀបការជាមួយតារាសម្ដែងប្រុស Ranbir Kapoor បន្ទាប់ស្វែងយល់ចិត្តគ្នាអស់រយៈពេល ៥ ឆ្នាំ ហើយពេលនេះពួកគេទទួលបានទាយាទស្នងត្រកូល ពិតជាធ្វើឱ្យតារាប្រុសស្រីមួយគូនេះរំភើបចិត្តជាខ្លាំង។ ក្រោយពីប្រកាសដំណឹងល្អ គេឃើញថាមានអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិអបអរគ្រប់ៗគ្នា៕