ទូច ស្រីល័ក្ខ ឆ្លើយតបទៅអតីតស្វាមី ក្រោយលោកទម្លាយព័ត៌មានថាមិនឱ្យជួបមុខកូន
រឿងរ៉ាវជីវិតអាពាហ៍ពិពាហ៍ប្រេះឆារបស់តារាចម្រៀង ទូច ស្រីល័ក្ខ និង អតីតស្វាមីដែលជាជនជាតិបរទេស បានផ្ទុះនៅលើបណ្ដាញសង្គមជាថ្មីម្ដងទៀត ខណៈថ្មីៗនេះ អតីតស្វាមីរបស់តារាស្រីខាងលើ បានចេញមុខនិយាយក្ដែងៗនៅក្នុងកិច្ចសម្ភាសមួយថា ចាប់តាំងពីលែងលះគ្នាជាមួយអតីតភរិយាមក លោកមិនបានជួបកូនប្រុសរយៈពេលជាង ២ ឆ្នាំមកហើយ ដោយសារការរារាំងពីអ្នកនាង ទូច ស្រីល័ក្ខ។
តាមការរៀបរាប់របស់អតីតស្វាមីតារាចម្រៀងខាងលើបានឱ្យដឹងថា ក្រោយលោក និង អតីតភរិយាលែងលះគ្នា តុលាការបានឱ្យសិទ្ធិចិញ្ចឹមកូនទៅអ្នកនាង ទូច ស្រីល័ក្ខ តែក្នុងសាលក្រមនោះបានចែងថា លោកអាចមកលេងកូនរៀងរាល់ចុងសប្ដាហ៍ ឬនៅពេលណាដែលលោកស្នើសុំ ប៉ុន្ដែកន្លងមករាល់ពេលលោកមកលេងកូន តែងត្រូវអតីតភរិយារារាំងមិនឱ្យចូលផ្ទះ។
គ្រាន់តែខាងអតីតស្វាមីទម្លាយព័ត៌មានចោទប្រកាន់ខ្លួនខាងលើ ស្រាប់តែ ទូច ស្រីល័ក្ខ បានបង្ហោះសារឆ្លើយតបទៅវិញថា ៖ «ការលួចថត ឬ បង្ហោះវិឌីអូ ឬ រូបថតរបស់គេដែលគ្មានការអនុញ្ញាតគឺវាខុសច្បាប់បាត់ទៅហលយ ចុះហេតុម្តេចឡើយក៏ធ្វើបំពានច្បាប់ តេសួរ ឬ ចង់ជួបកូនតាមការណាត់ គឺខ្ញុំមិនដែលក្បត់ការនិយាយរបស់ខ្ញុំទេ មកលេងកូនដូចគេធម្មតាតើនរណាថាខ្ញុំមិនឱ្យជួប តេមកពេលណាចង់បង្កឈ្លោះ សួរថាមានអាណិតកូនដែរឬទេ? បើលើកស្រឡាញ់កូនពិតម្តេចមិនធ្វើខ្លួនឱ្យស្និទ្ធបង្ហាញទង្វើល្អដាក់គ្នា ទុកខ្ញុំជាសត្រូវ មិនដែលនិយាយល្អ លោកមកលេងម្តងធ្វើដាក់អន្ទាក់ លោកចំាឱ្យជាក់ថាខ្ញុំនេះវាឈឺបែបណា? បង្ខូចកិត្តិយសរបស់ខ្ញុំយ៉ាងខ្លាំង ដែលខ្ញុំប្រឹងសាងជាយូរមក លោកមិនគោរពតាមគោលការណ៍ច្បាប់សូម្បីតែបន្តិច ប្រធានបទនេះមានតែកូនប្រុសរបស់ខ្ញុំទេ ដែលអាចបកស្រាយបាន»។
ជុំវិញរឿងរ៉ាវខាងលើ គ្រាន់តែជាការអះអាងរបស់ភាគីម្ខាងៗប៉ុណ្ណោះ ប៉ុន្ដែការពិតយ៉ាងណានោះមានតែរង់ចាំតាមដានបន្តទៀតប៉ុណ្ណោះ៕