កូនប្រុសរបស់ Elon Musk សម្រេចចិត្តប្តូរភេទ ប្តូរឈ្មោះ រួចកាត់កាលឪពុកជាផ្លូវការ
ពិតជាបានធ្វើឱ្យមហាជនទាំងឡាយភ្ញាក់ផ្អើលមិនស្ទើរឡើយ ក្រោយលេចឮព័ត៌មានថា កូនប្រុសរបស់កំពូលមហាសេដ្ឋីលំដាប់ពិភពលោក Elon musk បានដាក់ពាក្យស្នើសុំទៅតុលាការ ដើម្បីប្តូរភេទកំណើត និង ឈ្មោះកំណើត ព្រោះតែចង់បញ្ចប់ទំនាក់ទំនងជាមួយនឹងឪពុកបង្កើតរបស់ខ្លួន កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ។
តាមព័ត៌មានបានឱ្យដឹងថា កូនប្រុសរូបនេះឈ្មោះ Xavier Musk សព្វថ្ងៃមានអាយុ ១៨ ឆ្នាំ គឺជាកូនភ្លោះប្អូនរបស់ភរិយាទីមួយរបស់ Elon musk ដែលបានចែកផ្លូវគ្នាតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ ក្នុងនោះ គេចង់ឱ្យប្តូរភេទរបស់ខ្លួនពីភេទប្រុសទៅភេទស្រី ព្រមទាំងប្តូរឈ្មោះពី Xavier Musk នេះ ទៅជា Vivian Jenna Wilson វិញ ដោយយកត្រកូលម្តាយមកដាក់ជំនួសឱ្យត្រកូលរបស់ឪពុក។ គេថែមទាំងឱ្យមូលហេតុថា គេធ្វើបែបនេះ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណភេទរបស់ខ្លួន ព្រមទាំងបានប្រាប់ទៀតថា ខ្លួនមិនបានរស់នៅជាឪពុកទៀតនោះទេ ហើយមិនចង់ពាក់ព័ន្ធជាមួយឪពុកក្នុងគ្រប់បែបគ្រប់ទម្រង់តែម្តង។
យ៉ាងណាមិញ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ តាមព័ត៌មានបានឱ្យដឹងថា ពេលនេះ ខាងតុលាការ ក៏បានអនុញ្ញាតិឱ្យ Xavier ប្តូរភេទទៅជាភេទស្រី និងឈ្មោះទៅជា Vivian Jenna Wilson តាមបំណងរបស់ខ្លួនរួចរាល់ ហើយគេក៏បានបញ្ចប់ទំនាក់ទំនងជាមួយឪពុក និងដើរចេញពីត្រកូល Musk បានជាផ្លូវការហើយដែរ៕