ប្តីល្អ! Kevin Cheng ស្រឡាញ់ប្រពន្ធខ្លាំង រហូតធ្លោយមាត់ថា «គ្មានថ្ងៃនឹងក្បត់ប្រពន្ធនោះឡើយ»
តារាសម្ដែងហុងកុង Kevin Cheng និងប្រពន្ធ Grace Chan ដែលប្រិយមិត្តកម្ពុជាកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងលើការសម្ដែងរបស់ពួកគេក្នុងភាគយន្តភាគរឿង «បិសាចជញ្ជក់ឈាម» នោះ គឺតែងតែជាប្ដីប្រពន្ធតារាមួយគូទទួលបានការកោតសរសើរខ្លាំងចំពោះក្ដីសុខសុភមង្គលក្នុងគ្រួសាររបស់នាងតាំងពីចាប់ដៃគ្នារៀបការក្នុងឆ្នាំ ២០១៨ រហូតដល់ពេលមានកូនប្រុសចំនួន ២ នាក់ជាចំណងដៃនាពេលបច្ចុប្បន្ននេះ។
ដោយឡែក ថ្មីៗនេះដែរ តារាប្រុស Kevin Cheng បានធ្វើការផ្ដល់បទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកមួយ និយាយពាក់ព័ន្ធនឹងចំណងស្នេហ៍ដ៏គង់វង្សរបស់លោក។ ក្នុងបទសម្ភាសនោះដែរ Kevin បានរ៉ាយរ៉ាប់ដោយមិនលាក់លៀមថា លោកគ្មានថ្ងៃក្បត់ប្រពន្ធបានឡើយ ព្រោះថាលោកស្រឡាញ់ក្រុមគ្រួសាររបស់លោកខ្លាំងណាស់ ហើយម្យ៉ាងវិញទៀត ប្រពន្ធលោកក៏ដឹងរឿងគ្រប់យ៉ាងពីលោកផងដែរ។
តាមសម្ដីពោរពេញដោយភាពជឿជាក់បំផុតរបស់ Kevin បាននិយាយម៉ាត់ៗថា ៖ «ខ្ញុំនឹងមិនឱ្យរឿងហ្នឹងកើតឡើងនោះទេ។ ខ្ញុំស្អប់ការផិតក្បត់ណាស់ ណាមួយខ្ញុំស្រឡាញ់គ្រួសារខ្ញុំខ្លាំង ហើយខ្ញុំមិនចូលចិត្តការផឹកផង»។
លើសពីនេះទៅទៀត Kevin បានរៀបរាប់ថា ៖ «ប្រពន្ធខ្ញុំដឹងរឿងគ្រប់យ៉ាងពីខ្ញុំ សូម្បីតែបញ្ជីឈ្មោះក្នុងទូរស័ព្ទខ្ញុំ»។ Kevin បានឱ្យដឹងទៀតថា លោកគឺកម្រចេញផឹកស៊ីខាងក្រៅណាស់ ដោយភាគច្រើនលោកចំណាយពេលនៅផ្ទះ ដូច្នេះហើយឱកាសដែលថាលោកអាចនឹងផិតក្បត់ប្រពន្ធនោះគឺ 0% តែម្ដង៕