ផ្ទុះការវែកញែក Min ហាក់ធ្លាក់ប្រជាប្រិយភាព ក្រោយចេញពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧
ដូចប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗនេះតារាសម្ដែងស្រីជួរមុខ Min Pechaya បានប្រកាសដើរចេញពីស្ថានីយទូរទស្សន៍ពីប៉ុស្តិ៍លេខ ៧ ថៃ ហើយត្រឡប់ក្លាយជាតារាសម្ដែងឯករាជ្យវិញ។ ក្រោយពីវិលត្រឡប់ក្លាយជាតារាសម្ដែងឯករាជ្យ ថ្មីៗនេះ គេក៏ឃើញនាងបានចាប់ដៃគូជាមួយនឹងតារាប្រុសវ័យក្មេង លោក Win Metawin ក្នុងរឿង «Devil Sister» ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ចាប់តាំងពីតារាស្រី Min ចាកចេញពីប៉ុស្តិ៍លេខ ៧ ថៃមក គេឃើញតារាស្រីរូបនេះហាក់ធ្លាក់ប្រជាប្រិយភាព ពោលគឺកាលដែលនាងនៅជ្រកក្រោមទ្រនំស្ថានីយទូរទស្សន៍គឺរឿងរបស់នាងសុទ្ធតែជាប់លើតារាងពិន្ទុ ៧ ដល់ ៩ តែខណៈនេះបែរធ្លាក់ ០.០ ទៅវិញ។
ជាមួយនឹង Rating រឿងធ្លាក់ចុះនេះ បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការវិភាគវែកញែកចំពោះនាង។ មានប្រិយមិត្តខ្លះបានបញ្ចេញមតិថា មូលហេតុដែលធ្វើឱ្យរឿងដែលតារាស្រី Min ធ្លាក់ការគាំទ្រក៏ព្រោះតែមកពីនាងចាកចេញពីប៉ុស្តិ៍លេខ ៧ អ្នកខ្លះថាមកពីនាងសម្ដែងជាមួយតួប្រុសដែលមិនសូវល្បី និង មតិផ្សេងៗទៀត តែទន្ទឹមនឹងនោះ ក៏មានប្រិយមិត្តខ្លះបានចូលទៅតបតជាមួយនឹងអ្នករិះគន់ចំពោះ Min ដូចគ្នា៕