តារាស្រីស្រករក្រោយ ៦ រូប កំពុងរះខ្លាំងក្នុងវិស័យភាពយន្ដ
បច្ចុប្បន្ននេះ គេកត់សម្គាល់ឃើញ មានតារាស្រីវ័យក្មេងជាច្រើនដួង កំពុងត្រូវប៉ាន់ថតសម្តែងក្នុងភាគទូរទស្សន៍នានា ដើម្បីទាញយកការគាំទ្រ និង ប្រជាប្រិយភាពរៀងៗខ្លួន ។ បើនិយាយពីវិស័យខ្សែភាពយន្តវិញ តារាសម្តែងស្រីវ័យក្មេង ៦ ដួង ខាងក្រោមនេះ មិនត្រឹមទទួលបានការកោតសរសើរលើទេពកោសល្យសិល្បៈនៃការសម្តែងប៉ុណ្ណោះទេ ពួកគេត្រូវបានអ្នកគាំទ្រសរសើរថាមាន រូបសម្រស់ស្រស់ស្អាត និង មុខមាត់ឃ្យូដៗមានមន្តស្នេហ៍ធ្វើឲ្យអ្នកគាំទ្រ ជាពិសេសបុរសៗជាច្រើនបាក់ចិត្តលួចស្រឡាញ់មិនតិចនោះទេ ។ ជាពិសេសនោះ កាលពីអំឡុងឆ្នាំ ២០២១ កន្លងទៅ តារាស្រីស្រករក្រោយទាំង ៦ រូប ត្រូវបានមហាជនអ្នកនិយមតាមដានខ្សែភាពយន្ត ឃើញថារូបគេហាក់បង្ហាញវត្តមានយ៉ាងច្រើនក្នុងភាពយន្តល្បីៗ។
១. កញ្ញា រចនា រាវ៉ាឌី
តារាស្រីក្តោបតំណែងតួឯកគ្រប់រឿង រចនា រាវ៉ាឌី ទទួលបានប្រជាប្រិយភាពខ្លាំងជាច្រើនឆ្នាំមកហើយ តាំងពីនាងបោះជំហានចូលប្រឡូកក្នុងវិស័យខ្សែភាពយន្ត។ កាលពីឆ្នាំ ២០២១ កញ្ញា រចនា រាវ៉ាឌី បានក្តោបឱកាសថតខ្សែភាពយន្តជាច្រើន ក្នុងនាមជាតួឯក ដែលរឿងនាងបានសម្តែងសុទ្ធសឹងតែល្បីៗ។
២. កញ្ញា ឈិន មុន្នីនាថ
តារាស្រីវ័យក្មេង កញ្ញា ឈិន មុន្នីនាថ ដែលត្រូវកូនស្រីបង្កើតអតីតតារាចម្រៀង ឈិន កុសល បានបោះពួយចូលក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈរឿងភាគខ្មែរដំបូងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសកាលពីប៉ុន្មានឆ្នាំមុននេះ ។ ត្រឹមវ័យ ១៩ ឆ្នាំ តារាស្រីដែលមានឈាមជ័រជាអ្នកសិល្បៈទាំងឪពុក ម្តាយមីង និង លោកពូរូបនេះ បានកាន់តំណែងជាតួឯកស្រីជាច្រើននៅក្នុងខ្សែភាពយន្តភាគតាមស្ថានីយ៍ទូរទស្សន៍នានា ។ លើសពីនោះ ឈិន មុន្នីនាថ ក៏មានទេពកោសល្យច្រៀងផងដែរ ។
៣. កញ្ញា កែវ ឡាវីញ
តារាស្រីវ័យក្មេង កែវ ឡាវីញ មានឈាមជ័រអ្នកសិល្បៈជាកូនស្រីរបស់តារាសម្តែងជើងចាស់ កែវ កល្យាណ បានចូលប្រឡូកក្នុងវិស័យសិល្បៈប្រមាណជាង ១ ឆ្នាំ ប៉ុណ្ណោះក្នុងវិស័យខ្សែភាពយន្ត។ តែត្រឹមមួយប៉ព្រិចភ្នែក តារាស្រីវ័យ ២២ ឆ្នាំ រូបនេះ បានឆក់យកប្រជាប្រិយភាពខ្លាំងពីអ្នកគាំទ្រ។ លើសពីនោះនៅក្នុងឆ្នាំ ២០២១ កន្លងទៅ កញ្ញា កែវ ឡាវីញ បានបុកទីផ្សារខ្សែភាពយន្តខ្លាំង រហូតធ្វើឱ្យសន្ទុះកេរ្តិ៍ឈ្មោះរបស់នាងឡើងលឿនបំផុត។
៤. កញ្ញា សាន្ត កុសុមៈ
តារាស្រីវ័យក្មេង រាងតូចច្រឡឹង សាន្ត កុសុមៈ ត្រូវបានមហាជនស្គាល់នាងខ្លាំងបំផុតនៅពេលនាងទទួលបានជ័យលាភី ជាម្ចាស់មកុដធីតាឯកសង្ក្រាន្ត ឆ្នាំ ២០២១ និង បានចូលរួមសម្តែងអង្គទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី កាលពីខែមេសា ឆ្នាំ ២០២១ កន្លងទៅ។ តារាស្រីវ័យក្មេងរូបនេះ បើទោះជាមានអាយុតិចក៏ពិតមែន ប៉ុន្តែ សាន្ត កុសុមៈ បានគ្រងតំណែងជាតួឯកជាច្រើនក្នុងខ្សែភាពយន្ត។ ក្នុងនោះ កាលពីឆ្នាំ ២០២១ កន្លងទៅ នាងមិនត្រឹមតែសម្តែងជាតួអង្គឯកវ័យក្មេងទេ តែនាងអាចសម្តែងជាតួម្តាយទៀតផង។
៥. កញ្ញា អាង សុជាតា
តារាស្រីវ័យក្មេង អាង សុជាតា ដែលជាកូនស្រីបង្កើតរបស់តារាសម្ដែង សឿន ផានផាភួង បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុប្រមាណ ១០ ឆ្នាំ មកម្ល៉េះ។ បច្ចុប្បន្នក្រោយពីបានធំពេញរូបពេញរាងក្លាយជានារីដ៏ស្រស់ស្អាតហើយនោះ នាងកាន់តែមានទីផ្សារក្នុងវិស័យសិល្បៈទាំងការថតស្បតពាណិជ្ជកម្ម និង ទទួលបានតំណែងជាតួឯកស្រីក្នុងខ្សែភាពយន្តជាច្រើនផងដែរ។ ជាពិសេសក្នុងអំឡុងឆ្នាំ ២០២១ កញ្ញា បានក្តោបតំណែងជាតួឯកក្នុងខ្សែភាពយន្តមួយចំនួនទៀតផង។
៦. កញ្ញា យ៉ា សុផាន់ម៉ៃ
តារាស្រីវ័យក្មេង យ៉ា សុផាន់ម៉ៃ ក៏ដូចគ្នាដែរ នាងបានចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈក្នុងវិស័យខ្សែភាពយន្តភ្លាម ទទួលបានការគាំទ្រភ្លាម ដោយតារាស្រីរូបនេះអាចឆក់បេះដូងបានអ្នកគាំទ្រយ៉ាងខ្លាំងក៏ព្រោះទេពកោសល្យនៃការសម្តែងគ្រប់ទម្រង់នៃតួអង្គ ដែលនាងអាចធ្វើស្លូតក៏បាន កាចក៏បាន៕