ចាំគាត់បានឬទេ? តារាចម្រៀង កឹម សូប្រណី បាត់មុខយូរ តាមពិតកំពុងសំងំធ្វើជានាដការបាំបុរាណ នៅប្រទេសមួយនេះ
អ្នកគាំទ្រមួយចំនួនធំច្បាស់ណាស់នឹងនៅចងចាំអតីតតារាចម្រៀងប្រចាំផលិតកម្ម KH Promotion គឺអ្នកនាង កឹម សូប្រណី ដែលជាម្ចាស់បទ «បេះដូងអូនគឺមានតែបង» «បេះដូងលាក់ស្នេហ៍» «ចាំផ្លូវបងគ្រប់នាទី» និង បទល្បីៗជាច្រើនទៀតមិនខាន ដោយមកដល់ពេលនេះ អតីតតារាចម្រៀងដែលល្បីជំនាន់ឆ្នាំ ២០០០ ជាងរូបនេះ បានលាឈប់ពីវិស័យចម្រៀងក្នុងស្រុកដាច់ស្រឡះហើយ។
ពិតណាស់ ក្រោយកាត់ផ្តាច់អាជីពជាតារាចម្រៀងក្នុងស្រុកហើយនោះ អតីតតារាចម្រៀង កឹម សូប្រណី ក៏បានបាត់មុខឈឹងតែម្តង។ យ៉ាងណាមិញ ខណៈពេលដែលអតីតតារាចម្រៀង កឹម សូប្រណី បាត់មុខពីសិល្បៈចម្រៀងក្នុងស្រុកនោះ មានដំណឹងថានាងបានចេញទៅប្រើជីវិតរស់នៅយ៉ាងស្ងប់ស្ងាត់ឯក្រៅប្រទេសរហូតមកដល់បច្ចុប្បន្ននេះ ដែលនោះគឺជាប្រទេសនូវែលហ្សេឡង់ (New Zealand)។
ជាមួយនឹងការរស់នៅក្រៅប្រទេសនេះទៀតសោត គេបានដឹងថា កឹម សូប្រណី ក៏ហាក់មិនទៅណាឆ្ងាយពីរង្វង់សិល្បៈឡើយ ដោយនាងបានចាប់យកអាជីពជាអ្នកសម្អាងការ និង ជានាដការបាំព្រះរាជទ្រព្យ មានក្រុមរបាំនៅឯប្រទេសនោះទៀតផង។ បន្ថែមពីអាជីពនេះ អតីតតារាចម្រៀង កឹម សូប្រណី ក៏នៅតែឆ្លៀតពេលបន្តការសិក្សា ដែលទើបតែបញ្ចប់ និង ទទួលសញ្ញាបត្រ កាលពីខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះថែមទៀត។
បើងាកទៅមើលតាមរយៈគណនីហ្វេសប៊ុកផេករបស់អតីតតារាចម្រៀង កឹម សូប្រណី ដែលប្រើឈ្មោះ Khmer Dance Troupe គេបានកត់សម្គាល់ឃើញផងដែរថា នាងតែងតែបានបង្ហោះបង្ហាញពីសកម្មភាពការងារពាក់ព័ន្ធនឹងអាជីពរបស់នាងជាប្រចាំ នៅឯទឹកដីប្រទេសនូវែលហ្សេឡង់ (New Zealand) ជាពិសេសនោះគឺការចូលរួមលើកស្ទួយវប្បធម៌ខ្មែរ តាមរយៈការរាំរបាំបុរាណខ្មែរក្នុងកម្មវិធីផ្សេងៗ ជាដើម៕