ជាតារាកំប្លែងលេងសើចច្រើនពិតមែន តែត្រូវកូនស្រីទម្លាយខ្ទេចមិនសំចៃដៃពីចរិតជាឪពុកនៅក្រៅឆាក
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយនូវកំពូលតារាកំប្លែង Mum Jokmok ដែលបានសាងភាពសប្បាយរីករាយ សំណើចក្អាកក្អាយទៅដល់មហាជន តាមរយៈថ្វីមាត់ និង ភាពកំប្លុកកំប្លែងមិនចេះរីងស្ងួតរបស់លោកកន្លងមក។
យ៉ាងណាមិញ ដ្បិតតែជាតារាកំប្លែងដែលតែងតែលេងសើចច្រើននៅលើឆាកពិតមែន តែអត្តចរិតក្រៅឆាករបស់លោក ហាក់ដូចជាផ្ទុយពីគ្នាមិនតិចនោះទេ ដោយថ្មីៗនេះកូនស្រីរបស់លោកបានចេញមុខមកទម្លាយអស់ហើយ។
Em ជាកូនស្រីបានឱ្យដឹងថា ឪពុករបស់ខ្លួនជាមនុស្សស្រឡាញ់ហួងហែងកូនណាស់ ដោយកាលនាងនៅរៀន លោកតែងតែឱ្យមានអ្នកជូននាងទៅវិញទៅមករាល់ថ្ងៃ ហើយបើសិនជាទៅដើរលេង ឬដើរផ្សារ លោកក៏ឱ្យកូនចៅទៅដើរតាមទៀតផង ក្នុងនោះនាងត្រូវលួចសូកលុយឱ្យគេដើរចេញរាល់ដង ព្រោះតែចង់ដើរម្នាក់ឯងឱ្យមានសេរីភាព។
លើសពីនេះទៀត ឪពុកនាងក៏ជាមនុស្សចិត្តរឹងទៀត ដោយកាលនោះ នាងបានទៅរៀននៅក្រៅប្រទេសបានតែ ៣ ខែ នាងនឹកផ្ទះខ្លាំងពេក ក៏ខលមកយំសុំឪពុកទៅរៀននៅថៃវិញ តែលោកមិនឱ្យមកឡើយ រហូតនាងពិបាកដល់ចិត្តរៀនធ្លាក់ ហើយគ្រូខលទៅសុំទៀត តែលោកនៅតែមិនឱ្យត្រឡប់មកវិញនោះទេ ដោយលោកឱ្យនាងចេះទទួលខុសត្រូវនូវការសម្រេចចិត្តរបស់ខ្លួន។
Em បានឱ្យដឹងទៀតថា កាលនៅតូចនាងត្រូវឪពុកវាយញឹកញាប់ណាស់ ជាពិសេសពេលនាងលួចកាត់សក់ខ្លួនឯង គឺត្រូវរំពាត់ខ្លាំងជាងគេតែម្តង។ យ៉ាងណាមិញ Em ក៏បានអរគុណឪពុករបស់ខ្លួនផងដែរ នាងថាបើសិនមិនមានការលត់ដំរបស់គាត់ទេ ក៏មិនមានរូបនាងនៅថ្ងៃនេះដែរ៕