ចាំដៃគូចាស់ ឱក សុគន្ធកញ្ញា ទេ? ហង្ស ឧត្តមមុន្នី បាត់ឈឹងពីសិល្បៈ តាមពិតមកសំងំធ្វើជាអ្នកជំនួញលាក់មុខ
ប្រិយមិត្តអ្នកគាំទ្រប្រាកដជាបានស្គាល់តារាចម្រៀងប្រុស ហង្ស ឧត្តមមុន្នី ដែលជាដៃគូចាស់របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាលពីនៅច្រៀងក្នុងផលិតកម្ម KH មិនខាន។ ជាមួយគ្នានេះ ក៏មានប្រិយមិត្តជាច្រើនធ្លាប់បានស្តាប់បទចម្រៀងរបស់លោកនាពេលកន្លងមកផងដែរ ដោយបទចម្រៀងរបស់លោកនីមួយៗតាំងពីនៅក្នុងផលិតកម្មចាស់រហូតមកដល់ក្នុងផលិតកម្មថ្មី សាន់ដេ គឺតែងទទួលបានការគាំទ្រជានិច្ច។
យ៉ាងណាមិញ បើគិតមកដល់ពេលនេះ គឺមានរយៈពេលប្រមាណជាជិត ៤ ឆ្នាំហើយ ដែលតារាចម្រៀងរូបនេះហាក់ស្ងាត់បាត់ឈឹងលើវិថីសិល្បៈ បន្ទាប់ពីគេចាប់អារម្មណ៍ឃើញលោកបានបង្ហាញវត្តមានលើកចុងក្រោយតាមរយៈការឡើងឆាកតន្ត្រី និង ចេញបទចម្រៀងថ្មី នៅឆ្នាំ ២០១៨ នោះ។
ការបាត់ឈឹងលើវិថីសិល្បៈរបស់លោក ហង្ស ឧត្តមមុន្នី ប្រមាណរយៈពេលជិត ៤ ឆ្នាំមកនេះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានចម្ងល់ និង ចង់ដឹងពីសុខទុក្ខលោកខ្លាំងដែរថា លោកមានសុខទុក្ខយ៉ាងណា និង ការឃ្លាតឆ្ងាយពីសិល្បៈនេះ លោកងាកទៅប្រកបរបរអ្វី ឬមួយក៏មានជំនួញអ្វី ដូចបណ្តាមិត្តក្នុងសិល្បៈនោះ។
ឆ្លើយតបនឹងចម្ងល់ខាងលើនេះ បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់លោក ហង្ស ឧត្តមមុន្នី គេក៏បានសង្កេតឃើញថា ដែលលោកស្ងាត់ពីសិល្បៈនេះ គឺទំនងជាលោកជាប់រវល់ជាមួយនឹងមុខជំនួញពាក់ព័ន្ធនឹងការលក់ដីឡូត៍ ព្រោះថាជារឿយៗគេឃើញលោកតែងបង្ហោះបង្ហាញពីជំនួញនេះលើគណនីហ្វេសប៊ុក។
យ៉ាងណាមិញ បើតាមបទសម្ភាសមួយ តារាចម្រៀង ហង្ស ឧត្តមមុន្នី បានទម្លាយឱ្យដឹងថា លោកពិតជាជាប់រវល់ក្នុងមុខជំនួញលក់ដីឡូត៍មែន ដែលជំនួញនេះលោកបានចាប់ផ្តើមធ្វើប្រមាណជា ៣ ឆ្នាំ មកហើយ។
ពាក់ព័ន្ធនឹងការងារសិល្បៈវិញ តារាចម្រៀង ហង្ស ឧត្តមមុន្នី ក៏បានឱ្យដឹងដែរថា លោកមិនបានទៅណាឆ្ងាយនោះទេ តែដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ មានវិបត្តិកូវីដ-១៩ ទើបធ្វើឱ្យលោកដកឃ្លាបន្តិច។ ពេលនេះដែរ បន្ទាប់កូវីដ-១៩ បានស្ងាប់ស្ងាត់ លោកក៏វិលមកវិញកំដរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ ជាមួយបទចម្រៀងថ្មីនាពេលខាងមុខវិញហើយ ហើយអ្វីដែលសំខាន់គឺលោកក៏បានមកបន្តអាជីពចាស់ដែលមានស្រាប់ គឺការទទួលច្រៀង និង រៀបចំកម្មវិធីជប់លៀងផ្សេងៗតាមរយៈ «តន្ត្រីសម័យ ហង្ស ឧត្តមមុន្នី» របស់លោកផងដែរ៕