ឃើញស្វាមី ឱក សុគន្ធកញ្ញា ហ្មត់ចត់រឿងការងារ តែក៏ពូកែប្រើពាក្យផ្អែមណាស់
មួយប៉ប្រិចភ្នែកសោះ ពេលនេះចំណងអាពាហ៍ពិពាហ៍របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមីដែលជាប្អូនប្រុសថៅកែហង្សមាស លោក អ៊ឹង សុខលី មានរយៈពេលជាង ៣ ឆ្នាំហើយ។ មួយរយៈមុន ដើម្បីអបអរខួបរៀបការរយៈពេល ៣ ឆ្នាំនេះ កំពូលតារាចម្រៀងស្រីខាងលើ បាននាំស្វាមី និង កូន ធ្វើដំណើរកម្សាន្តយ៉ាងរីករាយនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមទៀតផង។
ដំណើរកម្សាន្តទៅក្រៅប្រទេសនៅពេលនោះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង គ្រួសារ ត្រូវបានគេដឹងថាចាយជីវិតអភិជនមិនធម្មតានោះទេ ដោយអ្នកនាងបានស្នាក់នៅក្នុងសណ្ឋាគារដ៏ល្បីបំផុតក្នុងទីក្រុងឌូបៃ ដែលមានឈ្មោះថា Burj Al Arab ដែលជាសណ្ឋាគារដ៏ល្បី និង ប្រណីតលំដាប់ផ្កាយ ៧ ដែលមានទីតាំងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម និង ជាសណ្ឋាគារដែលខ្ពស់ជាងគេបំផុតមួយនៅលើពិភពលោក ហើយត្រូវបានគេដឹងថាតម្លៃបន្ទប់ក្នុងសណ្ឋាគារនេះ ក្នុងមួយយប់ៗខ្ពស់ខ្លាំង និងសម្រាប់លំដាប់អភិជនទៀតផង។
ទន្ទឹមនឹងនោះ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងគឺ លោក អ៊ឹង សុខលី ស្វាមីសំណព្វចិត្តរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ស្រាប់តែបង្ហោះសាររៀបរាប់នូវពាក្យសម្ដីយ៉ាងផ្អែមល្ហែម ដែលពីមុនមកកម្រឃើញលោកចេះប្រើពាក្យផ្អែមល្ហែមបែបនេះនៅលើហ្វេសប៊ុកណាស់។
លោក អ៊ឹង សុខលី បានបង្ហោះរូបថតខ្លួន និង ប្រពន្ធ ២ សន្លឹកដែលបានថតឱ្យគ្នាទៅវិញទៅមក ហើយរៀបរាប់ថា បង្កប់ន័យផ្អែមល្ហែមថា ៖ «នៅពេលដែលយើងស្រឡាញ់មនុស្សម្នាក់ខ្លាំងបំផុត នោះ រូបភាពដែលយើងបានថត ពិតជាស្អាតណាស់សម្រាប់យើង នេះរូបខ្ញុំថតឱ្យភរិយាខ្ញុំ ចំណែកនេះជារូបថតដែលភរិយាខ្ញុំថតឱ្យខ្ញុំ ពិតជាស្រស់ស្អាតណាស់លើលោក»៕