Bungjack ទម្លាយហើយ មូលហេតុដែលម្តាយ Tangmo ដាច់ចិត្តប្រគល់ទូរស័ព្ទឱ្យខ្លួនដល់អាមេរិក
មកទល់ពេលនេះរឿងរ៉ាវបែកធ្លាយរូបភាពនានារបស់ Tangmo បាន និង កំពុងតែផ្ទុះការភ្ញាក់ផ្អើល និង ផ្ទុះការស៊ែរចែករំលែកជាខ្លាំងនៅលើបណ្តាញសង្គម។ ជាពិសេសធ្វើឱ្យមហាជនមិនតិចនាក់នោះទេ ដែលនៅពុំសុខបក់មិនល្ហើយចង់ដឹងរឿងពិតថាតើអ្នកដែលបង្ហោះរូបភាពទាំងនោះមានគោលបំណងអ្វី? មានផលប្រយោជន៍ ឬ អាចកកាយរឿងក្តីមកវិញបានដែរឬទេ?
ជាពិសេស អ្វីដែលមហាជននៅតែមានមន្ទឹលសង្ស័យក្នុងចិត្តបំផុតនាពេលកន្លងមកនោះគឺ ម្នាក់ៗហាក់ជ្រួលច្របល់ចង់ដឹងថា តើទូរស័ព្ទដៃរបស់ Tangmo នៅអ្នកណា? ហើយអ្នកណាជាអ្នកបង្ហោះរូបភាពទាំងនោះឡើងក្នុងគោលបំណងអ្វី?
យ៉ាងណាមិញ ចំពោះមន្ទឹលសង្ស័យទាំងនេះក៏ត្រូវបានបើកទម្លាយកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅអស់ហើយថា បុគ្គលដែលទទួលកាន់ទូរស័ព្ទ Tangmo គឺបុគ្គលដែលមានឈ្មោះថា Bungjack ដែលបច្ចុប្បន្នបុគ្គលរូបនេះកំពុងតែរស់នៅសហរដ្ឋអាមេរិក។
បន្ទាប់ពីទម្លាយច្បាស់ថាបុគ្គលឈ្មោះ Bungjack ជាអ្នកទទួលទូរស័ព្ទ ស្រាប់តែខាងសារព័ត៌មានក្នុងស្រុករបស់ថៃ Amarintv បានខលទៅបុគ្គលឈ្មោះ Bungjack ផ្ទាល់ ដើម្បីសម្ភាស និង សួរនាំរឿងរ៉ាវដែលកើតឡើងទាំងអស់ ដើម្បីឱ្យមហាជនបានជ្រាប។
ក្នុងនោះ Bungjack ក៏បានទម្លាយដោយមិនលាក់បាំងដល់អ្នកសារព័ត៌មាន Amarintv ថា មូលហេតុដែលលោកមានទូរស័ព្ទ Tangmo នៅក្នុងដៃគឺ ម្តាយរបស់ Tangmo ជាអ្នកប្រគល់ជូនលោក ខណៈពេលដែលលោកស្រីបានទទួលទូរស័ព្ទកូនស្រីពីសមត្ថកិច្ចដំបូង។
ខណៈពេលនោះ ម្តាយ Tangmo បានខលមករកលោកដោយបញ្ជាក់ថា លោកស្រីស្រ្តេសខ្លាំង បន្ទាប់ពីឃើញរូបភាពមួយចំនួននៅក្នុងទូរស័ព្ទដៃ Tangmo។ ពិសេស មានរូបភាពមួយសន្លឹកក្នុងទូរស័ព្ទ Tangmo ដែលមានការសរសេរនៅលើរូបថា ៖ «ឯងចង់និយាយអ្វីនិយាយមក នាង Gatick» ទើបធ្វើឱ្យលោកស្រីមានអារម្មណ៍ថា មានរូបភាព និង អាថ៌កំបាំងមួយចំនួនត្រូវលុបទៅ រហូតលោកស្រីគិតថាអាចជាអំពើឃាតកម្ម។
លើសពីនេះទៅទៀត Bungjack ក៏បានបន្តទៀតថា ខណៈពេលនោះលោកក៏បានឱ្យម្តាយ Tangmo ទៅរកក្រុមហ៊ុន Apple ដែលធំនៅថៃដើម្បីជួយត្រួតពិនិត្យ តែលោកស្រីនិយាយថា លោកស្រីមិនទុកចិត្តនោះទេ លោកស្រីទុកចិត្តរូបលោក ទើបលោកស្រីសម្រេចចិត្តផ្ញើទូរស័ព្ទ Tangmo ឱ្យលោកកាលពីជាង ១ សប្តាហ៍មុន ដើម្បីឱ្យលោករកវិធីយករូបភាពដែលលុបចេញមកបង្ហាញឱ្យមហាជនបានឃើញថាមានរឿងអ្វីកើតឡើងចំពោះ Tangmo ខណៈថ្ងៃកើតហេតុនោះ៕