អុញ! Angela Baby បិទក្រុមហ៊ុន ៤ ភ្លាមៗ ចំពេលគេផ្អើលសួររឿងស៊ើបអង្កេតពន្ធ
កាលពីពេលថ្មីៗនេះ Sina បានចុះផ្សាយឱ្យថា តារាសម្ដែងស្រី Angela Baby បានផ្លាស់ប្តូរភ្លាមៗ ដោយរំលាយការិយាល័យតំណាង និង ស្ទូឌីយោនៅក្នុងតំបន់តែមួយ បង្កឱ្យមានការជជែកគ្នាពេញលើបណ្តាញសង្គមទាក់ទងនឹងរឿងសង្ស័យថា តារាស្រីរូបនេះមានជាប់ពាក់ព័ន្ធជាមួយនឹងអធិការកិច្ចពន្ធដា។
យ៉ាងណាមិញ បច្ចុប្បន្ននេះ ភាគីខាង Angela Baby មិនទាន់បានបកស្រាយអំពីមូលហេតុជាក់លាក់ក្នុងរឿងនេះនៅឡើយនោះទេ។ ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណេតសឹងតែទូទាំងប្រទេសចិនបាននិយាយអំពីរឿងមួយនេះ។
ដោយមនុស្សភាគច្រើនមានការងឿងឆ្ងល់ចំពោះទង្វើរបស់តារាសម្ដែងស្រីលំដាប់ A រូបនេះ ក្នុងការបិទក្រុមហ៊ុនក្រោមឈ្មោះរបស់នាង។ ការបញ្ចេញមតិមួយចំនួនគិតថា តារាស្រីរូបនេះកំពុងព្យាយាមលាក់បាំងអ្វីមួយនៅពីក្រោយខ្នង។ ព្រោះមន្ទិលសង្ស័យរបស់មហាជនកន្លងមក កើតមកពីការមិនទុកចិត្តលើតារាសិល្បៈល្បីៗភាគច្រើនទាក់ទងនឹងកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។
យ៉ាងណាក៏ដោយ ក៏មានមនុស្សភាគច្រើនបានគិតថា Angela Baby ប្រហែលជាមិនជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតពន្ធនោះទេ។ នាងគ្រាន់តែចង់ដោះស្រាយ ដោយប្រើហេតុផលផ្ទាល់ខ្លួនបិទក្រុមហ៊ុន នៅពេលមួយដែលនាងគិតថាសមគួរប៉ុណ្ណោះ។ ខណៈភ្នាក់ងារគ្រប់គ្រងក៏រឹតបន្តឹងខ្លាំងលើការគ្រប់គ្រងពន្ធប្រាក់ចំណូលនេះ។
ជាការពិតណាស់ Angela Baby គឺជាកំពូលតារាសម្ដែងស្រីលំដាប់ A ប្រចាំវិស័យភាពយន្តចិន ទាំងកម្មវិធីកម្សាន្តនានា តែងមានវត្តមានរបស់នាងចូលរួម ហើយមានការទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។
ដូចដែលធ្លាប់បានចុះផ្សាយពីមុនមកហើយ កាលពីខែមករា ឆ្នាំ២០២២ តារាស្រីរូបនេះ ក៏បានប្រកាសលែងលះជាមួយនឹងលោក Huang Xiaoming ក្រោយលែងលះបាន ៣ ខែ នាងក៏បានទទួលថតសម្ដែងរឿងភាគថ្មីភ្លាម៕