រូបភាពប្លែកៗ Tangmo បន្តបង្ហោះឥតឈប់ ធ្វើឱ្យ Cheer សង្វេគចិត្តពេក រហូតនិយាយពាក្យទាំងនេះ
ត្រឹមតែរយៈពេលមិនប៉ុន្មានថ្ងៃសោះ រូបភាព និង វីដេអូរបស់ Tangmo នៅក្នុងថ្ងៃកើតហេតុជាច្រើនសន្លឹកបានបង្ហោះឡើង និង ផ្ទុះការស៊ែរចែករំលែកពេញបណ្តាញសង្គម ដែលជាហេតុបង្ករឱ្យមានការភ្ញាក់ផ្អើល និង ចង់ដឹងជាខ្លាំងថា តើអ្នកណាជាអ្នកបង្ហោះរូបភាពទាំងនេះឡើង ក្នុងគោលបំណងអ្វី? ខណៈដែលសមីខ្លួនបានស្លាប់បាត់បង់ជីវិត មិនអាចក្រោកឡើងមកធ្វើរឿងបែបនេះឡើយ។
យ៉ាងណាមិញ ជុំវិញរឿងដ៏ក្តៅគគុកនេះដែរ នៅពុំទាន់មាននរណាម្នាក់ចេញមុខទម្លាយនៅឡើយទេថា បុគ្គលដែលបង្ហោះរូបភាព និង វីដេអូរបស់ Tangmo ឡើងជានរណាទេ ហើយប្រសិនបើគោលបំណងល្អពិត មហាជនជាច្រើន បានសុំឱ្យបញ្ចេញការពិតឱ្យអស់ឆាប់ៗ មុនពេលសពរបស់នាងត្រូវបូជានៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។
ដោយឡែក បើងាកទៅមើលមិត្តៗសិ្នទ្ធស្នាលរបស់ Tangmo វិញ ក៏មិនខុសគ្នាពីមហាជនដែរ ម្នាក់ៗសុទ្ធមិនដឹងរឿងការបង្ហោះនោះដែរ បើទោះបីជាអ្នកខ្លះបានស្គាល់លេខកូដសម្ងាត់ក្នុងទូរស័ព្ទដៃ Tangmo ក៏ដោយ ដោយបានត្រឹមតែលើកដៃសំពះអង្វរឱ្យជនអាថ៌កំបាំងនោះ គោរពសិទ្ធអ្នកស្លាប់ និង បង្ហោះអ្វី ដែលជាការពិត ដែលអាចជួយរកយុត្តិធម៌ឱ្យអ្នកស្លាប់តែប៉ុណ្ណោះ។
ជាពិសេស ក្នុងចំណោមមិត្តភក្តិទាំងនោះក៏មានតារាស្រី Cheer ក៏បានចូលរួមបញ្ចេញមតិខ្លះៗ បន្ទាប់ពីបានឃើញរូបភាពប្លែកៗរបស់ Tangmo ត្រូវគេយកមកបង្ហោះជាបន្តបន្ទាប់ រហូតគណនីហ្វេសប៊ុកពិតរបស់ Tangmo មួយត្រូវបានប្លុកភ្លាមៗ។ ក្នុងនោះ Cheer បានបង្ហោះសារប៉ុន្មានឃ្លានៅលើគណនី Story IG ផ្ទាល់ខ្លួនរបស់នាងថា ៖ «សូម្បីតែហ្វេសប៊ុកបង (Tangmo) ក៏ត្រូវគេយកទៅ ខ្ញុំសង្ឈឹមថានឹងមិនយកគណនី IG ទៅ មួយទៀតចុះ សូមមេត្តាទុករូបភាព និង ការចងចាំអនុស្សាវរីយ៍ឱ្យពួកយើងផង»៕