ផ្អើលអ្នកគាំទ្រ! គណនីបណ្ដាញសង្គមរបស់ Kris Wu មានសកម្មភាពឡើងវិញ ទាំងម្ចាស់កំពុងជាប់គុ-.កនៅឡើយ
អតីតសមាជិកក្រុម EXO និង ជាតារាសម្ដែងប្រចាំប្រទេសចិន Kris Wu ត្រូវបានគេចោទប្រកាន់យ៉ាងជុំទិសពីករណីបំពានផ្លូវភេទទៅលើនារីៗជាច្រើននាក់ ថែមទាំងករណីខុសច្បាប់ជាច្រើន ដែលជាលទ្ធផលលោកត្រូវបានតុលាការឃាត់ខ្លួនដាក់ពន្ធនាគារកាលពីពាក់កណ្ដាលខែសីហា ឆ្នាំ ២០២១ កន្លងទៅ ដោយទោសរបស់គេអាចជាប់ដល់ទៅ ១០ ឆ្នាំឯណោះ។
ដោយឡែក កាលពីល្ងាចថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកនិយមលេងបណ្ដាញសង្គមអ៊ីនធឺណេតមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញពីគណនីបណ្ដាញសង្គមរបស់ Kris Wu ស្រាប់តែអាប់ដេតសកម្មភាពថ្មីៗ ទាំងដែលតារាប្រុសរូបនេះកំពុងជាប់គុកនៅឡើយ បង្កឱ្យមានការភ្ញាក់ផ្អើលជាសាធារណៈដល់មហាជន។
យោងទៅតាមអ្នកប្រើប្រាស់បណ្ដាញសង្គមបានអះអាងយ៉ាងនេះថា profile រួមជាមួយនឹង cover នៃគណនី twitter និង facebook របស់ Kris ត្រូវបានផ្លាស់ប្ដូរ ហើយជាមួយគ្នានោះផងដែរ Instagram របស់គេ ក៏ត្រូវបានឃើញថាបានអនឡាញ និង បានអានសាររបស់អ្នកគាំទ្រមួយចំនួនផងដែរ។
ទោះជាយ៉ាងនេះក្ដី ក៏មានមតិមួយចំនួនបាននិយាយថា ការផ្លាស់ប្ដូរ និង សកម្មភាពទាំងនេះអាចនឹងត្រូវបានអ្នកគ្រប់គ្រង ឬ ក្រុមហ៊ុនរបស់លោកជាអ្នកធ្វើ ដោយសារតែគណនីនីមួយៗរបស់លោកគឺត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន៕