នៅពីក្រោយស្នាមញញឹម ៥ ឆ្នាំមកនេះ Taew មានជំងឺម្យ៉ាង ដែលត្រូវស្ពាយថ្នាំលេបរហូត
កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ កន្លងទៅ មហាជនអ្នកគាំទ្រតារាស្រី Taew Nataphon ពិតមានក្តីស្រណោះដល់នាងជាខ្លាំង ខណៈពេលបានឃើញនាងពោលទាំងទឹកភ្នែកពីបញ្ហាដែលនាងស្ទើរតែពិបាកទទួលយក ខណៈពេលដែលមហាជនជាច្រើនតែងតែវាយប្រហារមកលើរូបនាង ពោលគឺរិះគន់មកលើរូបនាងស្ទើរតែមិនរំលងមួយថ្ងៃឡើយ រហូតនាងក្លាយជាតារាស្រីម្នាក់ដែលមានរឿងរ៉ាវលើគេហទំព័រសារព័ត៌មានស្ទើរមិនលស់ថ្ងៃឡើយ។
ខណៈពេលដែលនាងចូលខ្លួនផ្តល់បទសម្ភាសជាមួយពិធីករប្រុស លោក Woody នោះដែរ មានសំណួរចាក់ដោតជាច្រើនដែលពិធីករប្រុសរូបនេះបានសួរទៅកាន់នាង ជាពិសេសរឿងរ៉ាវទាក់ទងទៅនឹងមតិរិះគន់ដែលនាងកំពុងតែជួបនាពេលនេះ ដែលមិនថាក្នុងកាលៈទេសៈបែបណា នាងតែងត្រូវបានមហាជនវាយប្រហាររិះគន់មកលើរូបនាងជានិច្ចនោះ។
លើសពីនេះទៅទៀតអ្វីដែល មហាជនអ្នកគាំទ្រកាន់តែស្រណោះនាងខ្លាំងនោះ ពេលបានឮចេញពីមាត់នាងទាំងទឹកភ្នែកថា នាងត្រូវកាន់ថ្នាំជាប់ខ្លួនរហូត ដោយសារតែនាងមានជំងឺមួយដែលហៅថាជំងឺ Panic ពោលវាជាជំងឺឆាប់ភ័យស្លន់ស្លោ ដែលជំងឺនេះនាងកើតមានរយៈពេល ៥ ឆ្នាំទៅហើយនោះ។
ជាមួយគ្នានោះ នាងក៏បានទម្លាយពីអាការជំងឺរបស់នាងប្រាប់ទៅពិធីករប្រុសលោក Woody ថា ៖ «ដំបូងឡើយនាងចាប់ផ្តើមសង្កេតឃើញថា អការជំងឺរបស់នាងមួយនេះវាកើយមាននៅពេលដែលនាងនៅដេកមន្ទីរពេទ្យ ដោយសារតែពេលនោះខ្ញុំស្រ្តេសខ្លាំងត្រូវសម្រាកនៅពេទ្យ ស្របពេលនោះដែរ សុខៗខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ថាចុកពោះខ្លាំង ក្រពះពោះវៀនចាប់ផ្តើមប្រែប្រួល ពេលនោះខ្ញុំកើតមានអារម្មណ៍ថាខ្លាចវាណាស់ ពោលគឺខ្លាចជំងឺនោះវានឹងនៅជាប់ជាមួយខ្ញុំរហូត ទើបខ្ញុំត្រូវដាក់ថ្នាំតាមខ្លួនស្ទើរតែគ្រប់វិនាទី ហើយក្នុងចិត្តគិតរហូតថាខ្ញុំនឹងមិនប្រើថ្នាំរហូតទេ ខ្ញុំនឹងរៀនសម្របខ្លួនទៅនឹងជំងឺនោះ ហាត់ដកដង្ហើមមួយៗឱ្យវាធូ តែវាហាក់បីមិនប្រសើឡើងឡើយ»។
យ៉ាងណាមិញ គ្រាន់តែឮបែបនេះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្ររបស់នាងមានការព្រួយបារម្ភពីសុខភាពរបស់នាងជាខ្លាំង ស្របពេលនេះនាងក៏កំពុងតែរងការវាយប្រហាពីមហាជនស្ទើរមិនលស់ថ្ងៃឡើយនោះ ហើយពួកគេនៅតែបន្តលើកទឹកចិត្ត និង នៅតែគាំទ្រនាងបន្តទៀត៕
ប្រភព៖ Nineentertain