ទីបំផុត! Peak ទម្លាយឥតលាក់បាំងពីទំនាក់ទំនងខ្លួន និង Bella ក្រោយផ្ទុះរឿងថាកំពុងទាក់ទងគ្នា
មួយរយៈចុងក្រោយនេះ រឿងរ៉ាវតារាប្រុសវ័យក្មេង Kongthap Peak និង តារាស្រីរូបស្រស់រៀមច្បង Bella Ranee ហាក់ជាប្រធានបទមួយក្តៅគគុកដែលមហាជនអ្នកគាំទ្រកំពុងលើកយកមកនិយាយជាហូរហែ បន្ទាប់ពីអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលគ្នាខ្លាំង ធ្វើឱ្យម្នាក់ៗសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា។
ទោះជាយ៉ាងណា ជុំវិញពាក្យចចាមអារ៉ាមនេះដែរ តារាស្រី Bella Ranee ក៏បានចេញមុខស្រាយមន្ទឹលសង្ស័យរបស់មហាជនកាលពីពេលកន្លងទៅរួចមកហើយថា ទំនាក់ទំនងរវាងនាង និង Kongthap Peak មិនមានស្នេហាអ្វីនោះទេ។ មួយវិញទៀត រូបភាពបែកធ្លាយមួយសន្លឹកនៅអំឡុងពេលធ្វើបុណ្យ ក៏មិនមែននាងទៅតែពីរនាក់ដែរ ដោយនោះជាសកម្មភាពថតរឿងតែប៉ុណ្ណោះ។
បន្ទាប់ពីតារាស្រី Bella Ranee លេចមុខស្រាយមន្ទឹលសង្ស័យខ្លះៗមក មិនបានប៉ុន្មានផងស្រាប់តែនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ នេះ អ្នកកំលោះវ័យក្មេង Kongthap Peak ក៏បានចេញមុខបញ្ជាក់ពីទំនាក់ទំនងជាថ្មី រវាងលោក និង Bella Ranee ប្រាប់ទៅដល់អ្នកកាសែត ដោយលោកបាននិយាយថា ៖ «ចំពោះរូបលោក និង តារាស្រី Bella Ranee គឺត្រឹមជាមិត្តភាពប៉ុណ្ណោះ តែសម្រាប់ថ្ងៃអនាគតទៅមុខលោកមិនដឹងថាបែបណានោះទេ ដឹងត្រឹមថាពេលនេះលោក និង តារាស្រី Bella Ranee ស្និទ្ធស្នាលគ្នាខ្លាំង ជាពិសេសលោកក៏ស្និទ្ធស្នាលជាមួយម៉ាក់របស់ Bella Ranee ដូចគ្នា ហើយលោកក៏មិនបានគិតអ្វីដែរ សុំផ្តោតសំខាន់លើការងារសិន»៕