Taylor Swift ទទួលសញ្ញាប័ត្របណ្ឌិតក្នុងវ័យ ៣២ ឆ្នាំ បង្ហាញភាពអស្ចារ្យជាស្ដ្រីដ៏ជោគជ័យ
មិនត្រឹមតែពោរពេញទៅដោយសមត្ថភាពសិល្បៈជាច្រើនយ៉ាងមិនចេះរីងស្ងួតនោះទេ កំពូលតារាចម្រៀងស្រី Taylor Swift ក៏ថែមទាំងមានចំណេះដឹងមិនធម្មតានោះដែរ ដោយនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ នេះ នាងក៏ទើបតែបានឡើងទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតថែមទៀតផង។
តាមព័ត៌មានបានឱ្យដឹងថា សញ្ញាប័ត្របណ្ឌិតនេះ គឺជាសញ្ញាប័ត្រដំបូងរបស់នាងនៅក្នុងវ័យ ៣២ ឆ្នាំ ដែលនាងបានបញ្ចប់ការសិក្សាផ្នែកសិល្បៈ មកពីមហាវិទ្យាល័យល្បី New York នាសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ការទទួលសញ្ញាប័ត្រនេះ ត្រូវបានប្រព្រឹត្តទៅនៅ កីឡដ្ឋាន Yankee នាទីក្រុង New York ដោយមានការចូលរួមពីអ្នកបញ្ចប់ការសិក្សាជាច្រើន ក៏ដូចជាមនុស្សម្នាផ្សេងៗទៀតមិនតិចនាក់ទេ ប៉ុន្តែមើលទៅស្រីស្រស់ Taylor Swift ហាក់លេចធ្លោខ្លាំងជាងគេណាស់ ទាំងសម្រស់ និងអាកប្បកិរិយា ជាពិសេសក្នុងនោះ នាងក៏បានឡើងទៅសម្តែងអារម្មណ៍របស់ខ្លួននៅលើឆាកផងដែរ។
នាងបានឱ្យដឹងយ៉ាងអស់សំណើចដូច្នេះថា « ខ្ញុំជឿជាក់ ៩០ ភាគរយថា មូលហេតុដែលធ្វើឱ្យខ្ញុំមានមុខនៅទីនេះ គឺដោយសារតែចម្រៀងរបស់ខ្ញុំមួយបទ គឺ ២២ តែសុំនិយាយបន្តិចទៀតចុះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានមកនៅទីនេះជាមួយអ្នកទាំងអស់គ្នា ក្នុងការបញ្ចប់ការសិក្សារបស់ពួកយើងក្នុងឆ្នាំ ២០២២ នាមហាវិទ្យាល័យ នេះ »។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រម្នាក់ៗពិតជាសប្បាយចិត្តរំជើបរំជួលជំនួសតារាសំណព្វចិត្ត មិនស្ទើរឡើយ ហើយក៏បានអបអរជូនពរនាងជាហូរហែរផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖