![ខួបអាពាហ៍ពិពាហ៍គម្រប់ ១០ ឆ្នាំ Poh ស្រាប់តែទម្លាយអាថ៌កំបាំងមួយ នឹកស្មានមិនដល់](https://www.popular.com.kh/wp-content/uploads/2022/05/pn-04-6.jpg)
ខួបអាពាហ៍ពិពាហ៍គម្រប់ ១០ ឆ្នាំ Poh ស្រាប់តែទម្លាយអាថ៌កំបាំងមួយ នឹកស្មានមិនដល់
មហាជនសុទ្ធតែបានស្គាល់រួចមកតារាសម្ដែងប្រុសជួរមុខលោក Poh Natthawut ជាកំពូលតារាសម្ដែងល្បីម្នាក់ ដែលទទួលបាននូវប្រជាប្រិយភាពខ្លាំងពីសំណាក់ទស្សនិកជនមិនថាក្នុង និង ក្រៅប្រទេស។ យ៉ាងណាមិញ បើងាកទៅមើលជីវិតឯកជនរបស់តារាសម្ដែងប្រុសជួរមុខនេះវិញ ពិតជាមានសេចក្ដីសុខ សុភមង្គលខ្លាំងណាស់។
អស់រយៈពេលជាង ១០ ឆ្នាំទៅហើយ ដែលតារាប្រុស Poh Natthawut បានចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយនឹងភរិយា គឺនាង Aey Phornthip។ ក្នុងការចងភ្ជាប់នូវចំណងគ្រួសារដ៏រឹងមាំនេះ លោក និង ភរិយាក៏ទទួលបានកូនប្រុសដ៏ស្រស់ស្អាតចំនួន ២ នាក់ផងដែរ ជាចំណងដៃ។
លោក Poh Natthawut និង នាង Aey Phornthip អាចនិយាយបានថាជាគ្រួសារមួយដែលពោរពេញទៅដោយ សុភមង្គល និង ជាគ្រួសារតារាសម្ដែងជួរមុខមានលុយ ព្រមទាំងទ្រព្យចាយមិនចេះខ្វះ។ ជារឿយៗគ្រួសារប្ដីប្រពន្ធមួយគូនេះតែងបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាលើបណ្ដាញសង្គមមិនសូវជាដាច់ឡើយ។
តួយ៉ាង កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាថ្ងៃខួបអាពាហ៍ពិពាហ៍ ១០ ឆ្នាំរបស់តារាប្រុសរូបនេះ។ ក្នុងនោះគេឃើញថា តារាប្រុស Poh និង ភរិយាបានបង្ហោះរូបភាពយ៉ាងស្វីតអមជាមួយនឹងនំខេកឆ្លងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍យ៉ាងស្រស់ស្អាត។
លើសពីនោះ គេក៏ឃើញតារាប្រុស Poh សរសេរសារយ៉ាងមានន័យផងដែរថា៖ «ទាក់ទងគ្នាអស់ ៨ ឆ្នាំ ថែមនឹងរៀបការបាន ១០ ឆ្នាំទៀត សរុបទាំងអស់ ១៨ ឆ្នាំដែលទាក់ទងគ្នា។ គាថា មួយឃ្លាដែលខ្ញុំតែងប្រើសម្រាប់ជីវិតប្រចាំថ្ងៃ គឺ ពាក្យថា (អត់ធ្មត់)។ អត់ធ្មត់ជាមួយនឹងភាពឆ្កួតឡប់របស់ខ្លួនឯង អត់ធ្មត់នឹងការធ្វើអ្វីមួយមិនបានតាមចិត្តដែលខ្លួនចង់ អត់ធ្មត់ដើម្បីគ្រួសារ ដើម្បីអនាគត អត់ធ្មត់ទៅនឹងគូជីវិតដែលយើងជ្រើសរើស ព្រោះយើងស្រឡាញ់គេ បើស្រឡាញ់ពិតជឿថាយើងនឹងអាចទ្រាំបាន ត្រូវអត់ធ្មត់រហូតរកឃើញអនាគតរួមគ្នាបាន យើងមិនអាចដឹងមុននោះទេថាយើងអាចទ្រាំបានជាមួយគ្នាយូរប៉ុណ្ណា តែយើងត្រូវចេះជួយគ្នា អត់ធ្មត់ សង្កត់ចិត្តដើម្បីគ្រួសាររបស់យើង។ រីករាយខួបអាពាហ៍ពិពាហ៍គម្រប់ខួប ១០ ឆ្នាំ»។
ទន្ទឹមនឹង Poh បង្ហោះសារដ៏មានអត្ថន័យ បង្ហាញពីក្ដីសុខគ្រួសាររបស់ខ្លួនដូចនេះ គេឃើញថាមានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិអួតសរសើរ និង ជូនពរដល់គ្រួសារលោកគ្រប់ៗគ្នា៕