ធ្លាក់ខ្លួនឈឺហើយទ័លទៀត! នាយក្តិប ប្រកាសអង្វរសុំឱ្យគេជួយទិញផ្ទះ បើមិនអ៊ីចឹងគេរឹបអូសហើយ!
កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ កន្លងមក តាមរយៈទំព័រហ្វេសប៊ុកសិល្បករកម្ពុជា បានបង្ហោះពីសកម្មភាពលោក អ៊ឹម ជីវ៉ា បានធ្វើការចុះនាំយកអំណោយ និង គ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់សិល្បករកំប្លែងជើងចាស់ នាយក្តិប ដែលនោះជាអំណោយរបស់លោកជំទាវ ឆេង ស្រីនាង អគ្គនាយិការក្រុមហ៊ុនម៉ាដាមស្អាត។
យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ តាមរយៈផេកសិល្បករកម្ពុជា លោក អ៊ឹម ជីវ៉ា ក៏បានបង្ហាញពីស្ថានភាពរស់នៅរបស់ នាយក្តិប ឱ្យដឹងដែរថា ពេលនេះនាយកំពុងរស់នៅក្នុងស្ថានភាពមួយខ្វះខាត និង លំបាកយ៉ាងខ្លាំង ហើយលោកក៏កំពុងចង់លក់ផ្ទះនៅខាងជើងវត្តខ្ទរ ខណ្ឌជ្រោយចង្វា ដើម្បីសងបំណុលគេផងដែរ។ លោក អ៊ឹម ជីវ៉ា ក៏បានបញ្ជាក់លើផេកដដែលទៀតថា ៖ «ក្នុងការយកថវិកាមកជួយនេះ នាយក្តិប និង គ្រួសារ បាននិយាយទាំងទឹកភ្នែក ដោយសុំសំណូមពរដល់ពុកម៉ែបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីគាត់បានលុយមកសងបំណុលគេ បើមិនអ៊ីចឹងទេគេមករឹបអូសផ្ទះលក់ឡាយឡុងហើយ»។
គួរឱ្យដឹងដែរថា នាយក្តិប ដែលធ្លាក់ដល់ស្ថានភាពជីវិតបែបនេះ គឺបន្ទាប់តារាកំប្លែងសក់រួញអង្គារដីរូបនេះ បានធ្លាក់ខ្លួនធ្ងន់ដោយជំងឺលើសឈាម និង ស្លាប់មួយចំហៀងខ្លួន។ ដោយសារតែជំងឺនេះហើយ ទើបលោកត្រូវបញ្ចប់អាជីពជាតារាកំប្លែងទាំងស្រុង ដែលនាំឱ្យស្ថានភាពគ្រួសារក៏ធ្លាក់ដុនដាបទៅៗមកទល់ពេលនេះ៕