អ្នកគាំទ្ររំភើបស្ទើរហោះ! PP-Kritt បកស្រាយហើយ រឿងទំនាក់ទំនងស្អិតល្មួតជាមួយនឹង Billkin
ប្រិយមិត្តច្បាស់ស្គាល់ជាក់ជាពុំខានតារាចម្រៀងសាច់សខ្ចីដូចបណ្ដូលចេក លោក PP-Kritt ដែលជាតារាចម្រៀងប្រុសម្នាក់កំពុងតែទទួលបានការគាំទ្រពីសំណាក់យុវ័យសម័យថ្មី។ គេសង្កេតឃើញថា ចាប់តាំងតារាប្រុសរូបនេះសម្ដែងក្នុងសាច់រឿងបុរសស្រឡាញ់បុរសជាមួយតារាប្រុស Billkin មក ហាក់មានសន្ទុះការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗក្នុង និង ក្រៅប្រទេស។
អាចនិយាយបានថា PP-Kritt ក្រោយពីបានសម្តែងរួមគ្នាជាមួយ Billkin មហាជនហាក់ Ship ពួកគេទាំងពីរឱ្យមានស្នេហាក្រៅឆាកនឹងគ្នាមែនទែន ដោយហេតុថា កន្លងមក តារាប្រុសវ័យក្មេង ២ ដួងនេះតែងតែស្និទ្ធស្នាលគ្នា ទៅណាមកណាបណ្ដើរគ្នាត្រសង និង តែងមានរូបភាពរ៉ូមេទិកមករហូត ដល់ថ្នាក់មហាជនខ្លះនិយាយថាអ្នកទាំងពីរក្លាយជាសង្សារគ្នាស្ងាត់ៗទៀតផង។
យ៉ាងណាមិញ ក្រោយពីផ្ទុះការសង្ស័យថាទំនាក់ទំនងលើសពីមិត្តភក្តិ និង ដៃគូសម្ដែងនេះ ថ្មីៗ នេះ តារាប្រុសវ័យ ២២ ឆ្នាំ PP-Kritt ក៏បានចេញមកទម្លាយច្បាស់ៗក្នុងបទសម្ភាសសារព័ត៌មានថា៖ «សម្រាប់ទំនាក់ទំនងលោក និង តារាប្រុស Billkin គឺលើសពីមិត្តវាពិតជាត្រឹមត្រូវហើយ ព្រោះលោករាប់គ្នាដូចជាក្រុមគ្រួសារតែមួយទៅហើយ»។
លោក និង Billkin បានកាន់ដៃគ្នាមកតាំងពីដើមនៃការចូលសិល្បៈលើកដំបូងមកម៉្លេះ ដូចនេះសម្ពន្ធភាពលោក អាចនិយាយបានថាសម្ពន្ធភាពមួយល្អ និង រឹងមាំ។ រាល់ពេលនិយាយដល់ឈ្មោះ Billkin លោកតែងទឹកភ្នែកហូររហូត ព្រោះថាក្នុងចំណោមមនុស្សសំខាន់ ៥ នាក់ក្នុងជីវិត Billkin ជាមនុស្សម្នាក់ដែលលោកតែងគិតដល់»។
ជាមួយនឹងការទម្លាយពីសម្ពន្ធភាពស្អិតល្មួតនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រមានសេចក្ដីរំភើបចិត្តជាខ្លាំង ព្រោះពួកគេតែងបន់ឱ្យពួកគេទាំងពីរក្លាយជាគូស្នេហ៍គ្នាពិតប្រាកដនៅក្រៅឆាក៕