លែងលះគ្នាជាង ៤ ខែ ស្រាប់តែ លី ម៉ារីណា ប្រកាសស្វែងរកអតីតប្ដី ថាបានលួចលុយ និងទ្រព្យសម្បត្តិនាងរត់បាត់
និយាយពីជីវិតគ្រួសាររបស់ តារាសម្ដែងស្រី លី ម៉ារីណា កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ធ្វើឱ្យមហាជនអ្នកតាមដានបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកនាងបានប្រកាសជាសាធារណៈថាខ្លួន និង ស្វាមីបានបញ្ចប់ឈ្មោះប្តីប្រពន្ធគ្នាហើយ។
ជុំវិញរឿងប្រកាសចែកផ្លូវគ្នានេះ តារាសម្ដែងស្រី លី ម៉ារីណា ក៏បានប្រាប់ពីមូលហេតុឱ្យដឹងផងដែរថា ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា។ លើសពីនេះទៅទៀត អ្នកនាង ក៏បានបញ្ជាក់បន្ថែមឱ្យដឹងថា ទោះបីជាចែកផ្លូវគ្នានឹងស្វាមី ប៉ុន្តែអ្នកនាងបែកគ្នាដោយសន្តិវិធី និង នៅតែរាប់អានគ្នាជាមួយអតីតស្វាមីដដែល។
ដោយឡែក ស្រាប់តែថ្មីៗនេះ លើបណ្ដាញសង្គមរបស់ តារាសម្ដែងស្រីរូបនេះ បានបង្កើតការភ្ញាក់ផ្អើលជាថ្មីដល់មហាជនអ្នកគាំទ្រជុំវិញរឿងឯកជនរបស់នាង ដែលបានឃើញអ្នកនាងបង្ហោះសារប្រកាសស្វែងរកអតីតស្វាមី និងរៀបរាប់ឱ្យដឹងថា អតីតស្វាមីរបស់អ្នកនាង បានលួចយកទ្រព្យសម្បត្តិ និងលុយមួយចំនួនរបស់អ្នកនាងដោយគេចខ្លួនបាត់ជាច្រើនថ្ងៃមកហើយ ដែលអ្នកនាង ធ្វើការប្រកាសសុំឱ្យអតីតស្វាមីប្រគល់សម្បត្តិទ្រព្យទាំងនោះដែលជាញើសឈាមរបស់នាងត្រឡប់មកវិញ។
សារនោះ អ្នកនាង លី ម៉ារីណា បានសរសេររៀបរាប់ថា ៖ «នាងខ្ញុំសូមប្រកាសស្វែងរកលោក សាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បត្តិគ្រឿងអលង្ការរបស់ខ្ញុំ នឹងលុយមួយចំនួនយកទៅហើយគេចខ្លួនបាត់ សូមលោកមេត្តាយកមកឱ្យខ្ញុំវិញផង ព្រោះខ្ញុំទុកពេលឱ្យលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិ និងលុយជាកម្លាំងញើសឈាមខ្ញុំ លោកមិនគួរធ្វើគំរូមិនល្អចឹងបន្សល់ដល់កូនទេ ទោះជាបែកគ្នាក៏មិនត្រូវធ្វើសត្រូវនឹងគ្នាដែរ ទុកមុខរាប់គ្នាដើម្បីកូន សូមប្រគល់អ្វីដែលជារបស់ខ្ញុំឱ្យមកខ្ញុំវិញមក រយៈពេលដប់ឆ្នាំហើយ លោកមិនដែលមើលថែខ្ញុំហើយចិញ្ចឹមខ្ញុំមួយសេនទេ ហេតុអីមកលួចរបស់ខ្ញុំអស់ពីខ្លួនចឹង រាល់ថ្ងៃខ្ញុំគ្មានកម្លាំងចិត្តរកស៊ីតទៅទៀតទេ ចឹងសូមយកមកអោយខ្ញុំវិញមក ខ្ញុំត្រូវការចិញ្ចឹមកូនខ្ញុំតទៅមុខទៀត សូមមិត្តភក្តិបងប្អូនដែលបានស្គាល់ជួយស៊ែរឱ្យគាត់ដឹងផង បើលោកមិនចង់បានរបស់ខ្ញុំទេ ហេតុអីមិនយកឱ្យខ្ញុំវិញចាំបាច់គេចខ្លួនបែបនេះ ខ្ញុំទុកឱកាសឱ្យលោកយូរដែរហើយក៏ព្រោះតែអាណិតកូន។ សូមអធ្យាស្រ័យដល់បងប្អូនផង ដែលនាងខ្ញុំបានប្រកាសតាមរយៈបណ្ដាញសង្គម Fb បើមានផលប៉ះពាល់ដោយប្រការណាមួយសូមអភ័យទោសទុកជាមុន»៕