ខួបអាពាហ៍ពិពាហ៍ ២២ ឆ្នាំ! ខាន់ ជេមស៍ សន្យាក្ដែងៗ ធ្វើជាប្ដីល្អ ឪពុកល្អ និងមេគ្រួសារល្អ
បើរំឭកដល់ឈ្មោះតារាចម្រៀងប្រុស ខាន់ ជេមស៍ ប្រិយមិត្តភាគច្រើនប្រាកដជានឹកដល់ទឹកដមសំឡេងផ្អែមស្រទន់ដែលចេញពីបទចម្រៀងបែបមនោសញ្ចេតនាពីរោះៗ ដូចជាបទ «របាំចងស្នេហ៍» បទ «បុប្ផាក្រពុំ» និង បទ «សម្រែកបេះដូង» ជាដើម ព្រមទាំងបទចម្រៀងពីរោះៗជាច្រើនទៀត ។
អាចនិយាយបានថា ខាន់ ជេមស៍ ជាតារាចម្រៀងប្រុសមួយរូបដែលទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងអាជីពសិល្បៈ ព្រោះមកទល់ពេលនេះ លោកនៅតែក្ដោបបានប្រជាប្រិយភាពច្រើនក្រាស់ក្រែលពីសំណាក់ទស្សនិកជនមិនជិនណាយដដែល។
ដោយឡែកបើងាកទៅមើលពីជីវិតឯកជនរបស់ ខាន់ ជេមស៍ វិញ តារាចម្រៀងប្រុសរូបនេះមានគ្រួសារមួយប្រកបដោយភាពកក់ក្ដៅបំផុត ខណៈលោក និង ភរិយាបណ្ដូលចិត្ត បានរួមរស់ជាប្ដីប្រពន្ធនឹងគ្នារយៈពេល ២២ ឆ្នាំមកហើយ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ ខាន់ ជេមស៍ ក៏បានបើកបង្ហាញពីជីវិតឯកជនមួយនេះ ឱ្យមហាជនបានជ្រាបដោយមិនលាក់លៀមទៀតដែរ។
ពេលវេលារួមរស់ជាប្ដីប្រពន្ធ ២២ ឆ្នាំ ខាន់ ជេមស៍ នៅតែស្រឡាញ់ស្មោះត្រង់នឹងប្រពន្ធមិនប្រែ តួយ៉ាងលោកបានបង្ហោះសារយ៉ាងរ៉ូមែនទិកនៅលើហ្វេសប៊ុកក្នុងថ្ងៃខួបរៀបការរបស់អ្នកទាំងពីរថា ៖ «ចំណងស្នេហ៍អមតៈ ថ្ងៃទី 16/05/2022 គម្រប់ខួបចំណងស្នេហ៍ ២២ឆ្នាំ របស់ពួកយើងទាំងពីរនាក់ អរគុណអូនគ្រប់យ៉ាងដែលអូនផ្ដល់ឱ្យបង ជឿជាក់បង និងកាន់ដៃបងរយៈពេល២២ឆ្នាំ រហូតបង្កើតបានចំណងស្នេហ៍អមតៈ កូន៤នាក់ ស្រី២ប្រុស២ ជាមួយគ្នា។ ថ្ងៃនេះបងចង់ឱ្យមនុស្សគ្រប់រូប ដឹងថា ទោះបីជាមានរឿងអ្វីកើតឡើង ក៏ក្ដីស្រឡាញ់ដែលបងមានចំពោះអូន មិនដែលថយចុះឡើយ គឺក្ដីស្រឡាញ់មានតែកើនឡើង និងស្មោះត្រង់ចំពោះអូនជានិច្ច។ ជាតិនេះបងសុំត្រឹមធ្វើជាប្ដីល្អ ឪពុកល្អ និងមេគ្រួសារល្អសម្រាប់អូនតែម្នាក់គត់ សុខ សុចិន្តា»៕