គ្រាន់តែវីដេអូបង្ហាញខ្លួនវគ្គដំបូង ហង្ស ម៉ានីតា ផ្ទុះការសរសើរខ្លាំង រហូតអ្នកគាំទ្ររំពឹងថាអាចគ្រងមកុដ
បន្ទាប់ពីបើកប្រកាសទទួលដាក់ពាក្យប្រកួតជ្រើសរើសម្ចាស់មកុដក្នុងរដូវកាលថ្មី ឆ្នាំ ២០២២ ពេលនេះ កម្មវិធី Miss Universe Cambodia បានចាប់ផ្ដើមដំណើរការហើយ ដែលនៅថ្ងៃ ១៦ ខែឧសភា ឆ្នាំ ២០២២ នេះ កម្មវិធីបានរៀបចំវគ្គសម្ភាសន៍ដំបូង ដែលតម្រូវឱ្យបេក្ខភាពដើរបង្ហាញខ្លួន និងបង្ហាញសមត្ថភាពចំណេះដឹងឆ្លើយសំនួរជាមួយគណៈកម្មការទាក់ទងនឹងវិស័យបវរកញ្ញានេះ។
ក្នុងវគ្គដំបូងនៃកម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យនេះដែរ គេសង្កេតឃើញថាលើបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ និងសរសើរខ្លាំង ចំពោះបេក្ខភាពមួយរូបជាកូនខ្មែរកាត់បារាំង កញ្ញា ហង្ស ម៉ានីតា ជាមួយនឹងការបង្ហាញសមត្ថភាពរបស់នាងក្នុងវគ្គនេះ ទាំងការដើរ ការរៀបចំខ្លួន អត្តចរិត ជាពិសេសចំណេះដឹងនៃការឆ្លើយសំនួរក្នុងការសម្ភាសន៍និយាយជាភាសាអង់គ្លេសបានយ៉ាងល្អខ្លាំង។
ជាមួយនឹងការមើលឃើញពីសមត្ថភាពដ៏ទាក់ទាញក្នុងវគ្គដំបូងនេះ ហង្ស ម៉ានីតា កំពុងតែត្រូវបានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនទាំងក្នុង និងក្រៅប្រទេស បានធ្វើការចែករំលែករូបភាព ក៏ដូចជាសកម្មភាពក្នុងការបញ្ចេញសមត្ថភាពក្នុងវគ្គដំបូងនេះពាសពេញបណ្ដាញសង្គមដោយភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរ និងមានការរំពឹងខ្ពស់ចំពោះរូបនាងថានឹងអាចក្លាយជាម្ចាស់មកុដនៃកម្មវិធី Miss Universe Cambodia ឆ្នាំ ២០២២ នេះផងដែរ៕
សូមចុច Link ខាងក្រោមដើម្បីទស្សនាវីដេអូ៖
https://www.tiktok.com/@cambodiapageant/video/7098266308860497179
https://www.tiktok.com/@cambodiapageant/video/7098269640329202970