គូគេស្វីតណាស់! ខួបកំណើតឆ្នាំនេះ Dan ញញឹមបិទមាត់មិនជិត ពេលបានកាដូពិសេសមួយពីម្ចាស់ចិត្ត
ស្ងាត់ៗជាង ១០ ឆ្នាំបាត់ទៅហើយ ដែលតារាចម្រៀងប្រុស Dan Worrawech និង តារាសម្តែងស្រី Pattie សាងស្នេហ៍ដ៏ផ្អែមជាមួយគ្នាដោយមិនលាក់លៀមនៅចំពោះមុខអ្នកគាំទ្រនោះ។ ជុំវិញទំនាក់ទំនងដែលផ្អែមដូចស្កររបស់អ្នកទាំងពីរ ហាក់កំពុងតែធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ចង់ឃើញថ្ងៃពិសេសឆាប់ៗផងដែរ។
បើទោះបីជាអ្នកគាំទ្រទទូចចង់ឃើញអ្នកទាំងពីរចូលរោងការឆាប់ៗយ៉ាងណាក៏ដោយ តែគូស្នេហ៍មួយគូនេះដូចមិនសូវខ្វាយខ្វល់ឡើយ។ ទោះជាយ៉ាងនេះក្តី ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញគូស្នេហ៍អ្នកទាំងពីរកាន់តែផ្អែមល្ហែមទៅៗធ្វើឱ្យអ្នកគាំទ្រលួចច្រណែនព្រាត។
តួយ៉ាងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ដែលត្រូវជាថ្ងៃកំណើតរបស់តារាប្រុស Dan Worrawech ឃើញថាបើទោះបីជាមិនមានការរៀបចំកម្មវិធីធំដុំ តែលោកក៏ទទួលបានការកៀកក្បែរយ៉ាងកក់ក្តៅពីមិត្តស្រីសំណព្វចិត្តរបស់លោកផងដែរ។
ជាពិសេស ក្នុងនោះលោកមិនត្រឹមតែទទួលបានពាក្យជូនពរជាច្រើននោះទេ តែលោកក៏ទទួលបានកាដូយ៉ាងធំពីមិត្តស្រី ជាការឱបយ៉ាងណែន និង កក់ក្តៅបំផុត ព្រមជាមួយស្នាមញញឹមដ៏រីករាយ។ មួយវិញទៀត ក្នុងថ្ងៃពិសេសនេះដែរ អ្នកទាំងពីរក៏បានទៅធ្វើបុណ្យលែងត្រីជាមួយគ្នាទៀតផង៕