
Yang Mi បោះសម្ដីផាំងៗ ពេលគេសួរគិតម៉េច បើមានបុរសតាមចែចង់នាង ព្រោះនាងមានលុយ
កំពូលតារាសម្ដែងស្រី Yang Mi ថ្មីៗនេះ បានក្លាយជាអ្នកវិភាគស្នេហាក្នុងកម្មវិធីមួយ ហើយបានចែករំលែកបទពិសោធន៍ស្នេហារបស់នាងយ៉ាងបើកចំហ។
ជាការពិតណាស់ អាជីពជាតារាសម្ដែងស្រីរបស់ Yang Mi គឺមានភាពរីកចម្រើនខ្លាំង ហើយមានទាំងក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនផងដែរ ដោយមានការវិនិយោគយ៉ាងច្រើន គ្រប់គ្រងតារាសិល្បៈល្បីៗដូចជា តារាសម្ដែងស្រី Dilraba Dilmurat និង តារាសម្ដែងប្រុស Vin Zhang ជាដើម។
ក្រោយពេលលែងលះគ្នាជាមួយនឹងតារាសម្ដែងប្រុស Hawick Lau មក តារាស្រីរូបនេះត្រូវបានគេទម្លាយថា កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងតារាវ័យក្មេងជាងខ្លួន ៣ឆ្នាំ ប៉ុន្តែភាគីទាំងសងខាងមិនបានបកស្រាយឡើយ ហើយកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។
គាប់ជួនថ្មីៗនេះ តារាស្រីរូបនេះបានក្លាយជាអ្នកវិភាគស្នេហាផងនោះ ស្រាប់តែពិធីករបានសួរនាងថា៖ «គិតបែបណាបើសិនបុរសដេញតាមចង់ទាក់ទងនាងដោយសារលុយ?» ភ្លាមនោះ Yang Mi បោះសម្តីមួយឆ្ងាញ់ឆ្លើយតបវិញថា៖ «បើសិនជាគាត់តាមខ្ញុំដើម្បីលុយ ខ្ញុំមិនខកចិត្តទេ ប៉ុន្តែខ្ញុំបែរជាសប្បាយចិត្តវិញ ព្រោះបង្ហាញឱ្យឃើញថាខ្ញុំជាមនុស្សស្រីសម្បូរលុយ»។
គ្រាន់តែឃ្លាមាសប៉ុន្មានប្រយោគនេះ ចេញជាសាធារណៈភ្លាម មហាជនដែលជាអ្នកគាំទ្រនៅលើបណ្តាញសង្គមរបស់ Yang Mi មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បានយកទៅវែកញែកពេញនៅលើអ៊ីនធឺណេត និង ខ្លះទៀតលួចច្រណែននឹងជីវិតសម្បូរបែបរបស់នាងទៀតផង៕