ជាតារាជើងចាស់ល្បីឈ្មោះ តែលោក Arning តួឪពុកក្មេក ការ៉ាកេត បែរជាអភ័ព្វស្នេហ៍ បរាជ័យធ្ងន់ធ្ងរដល់ទៅ ២ លើក
មកទល់ពេលនេះ តារាសម្តែងជើងចាស់លោក Arning Nirut មានវ័យ ៧៥ ឆ្នាំហើយ។ ចំណែកការងារសិល្បៈពេលនេះវិញ លោកក៏ពុំសូវលេចមុខក្នុងការសម្តែងដែរ ពោលគឺអាចនិយាយបានថា មកពីអាយុរបស់លោកកាន់តែជ្រេ។ រីឯ រាងកាយក៏កាន់តែទ្រុឌទ្រោម ទើបលោកមិនសកម្មក្នុងការងារសិល្បៈដូចមុន។
បើងាកទៅមើលពីជីវិតឯកជនរបស់តារាជើងចាស់រូបនេះវិញ មហាជនខ្លះប្រាកដជាមិនបានជ្រាបទេថា ទម្រាំលោកទុកខ្លួនឱ្យនៅទំនេរ ពោលគឺកំព្រា ឯកា មិនមានប្រពន្ធដូចពេលនេះ ដោយសារតែតាមពិតទៅ លោកធ្លាប់រៀបការចុះអាតាស៊ីវិលជាមួយនារីដល់ទៅ ២ នាក់ឯណោះ តែជីវិតគូរបស់លោកហាក់មិនសមបំណងរហូត ហើយចុងក្រោយក៏ដើរដល់ផ្លូវបែកទាំងពីរលើក។
បើនិយាយពីភរិយាទី ១ របស់លោក ត្រូវបានមហាជនស្គាល់ថា ជានារីនៅក្នុងរង្វង់សិល្បៈម្នាក់ ដែលមានឈ្មោះថា Aew Khomphat Atthaya។ បន្ទាប់ពីរៀបការ សាងគ្រួសារបានរយៈពេល ៥ ឆ្នាំ លោក និង ភរិយាទី ១ ក៏បានបែកគ្នា ក្រោមហេតុផលរស់នៅមិនចុះសម្រុង និង ហេតុផលមួយទៀត ធ្លាប់ធ្លាយរឿងថា ភរិយារបស់លោក ធ្លាប់ចាប់បានលោកមានទំនាក់ទំនងជាមួយមនុស្សស្រី ក្រោយប្រទះឃើញឈុតមនុស្សស្រីក្នុងឡានរបស់លោក។
ក្រោយពីបែកគ្នា ជាមួយអតីតភរិយាទី ១ មក មិនយូរប៉ុន្មានលោកក៏ចាប់ផ្តើមទទួលស្នេហ៍ថ្មី ជាមួយនារីក្រៅរង្វង់សិល្បៈម្នាក់ទៀត ដែលមានឈ្មោះថា Orawan។ បន្ទាប់ពីរៀបការហើយ អ្នកទាំងពីរបានសាងគ្រួសារយ៉ាងមានសុភមង្គល ប៉ុន្ដែរួមរស់បានត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ តែចុងក្រោយក៏បែកគ្នា ដោយមិនបានលាមួយម៉ាត់ រហូតធ្លាយព័ត៌មានថា ពេលនោះលោកឈឺចិត្តខ្លាំង រហូតដល់ថ្នាក់មិនទទួលការងារអ្វីទាំងអស់ ដើម្បីព្យាបាលចិត្តដែលគ្រាំឈឺ។
យ៉ាងណាមិញ បន្ទាប់ពីបរាជ័យជីវិតគ្រួសាររហូតដល់ទៅ ២ ដងនោះ វាបានក្លាយជាស្លាកស្នាមដ៏ឈឺចាប់នៅក្នុងក្រអៅបេះដូងរបស់លោក រហូតធ្វើឱ្យតារាប្រុសជើងចាស់រូបនេះ មិនព្រមបើកបេះដូងទទួលយកអ្នកណាទាំងអស់ និង សុខចិត្តរស់នៅម្នាក់ឯង រហូតមកទល់ពេលបច្ចុប្បន្ន៕
ប្រភព៖ KKnews