ឃើញ ផេនខេក ធ្លាក់ផុងខ្លូនក្នុងរឿងបំណុល ស្រាប់តែ ឆៃលី ដាឡែន លូកមាត់ទម្លាយរឿងមួយ ផ្អើលហ្វេន
រឿងរ៉ាវអាស្រូវពិធីការិនី ផេនខេក ជំពាក់បំណុលគេវ័ណ្ឌ-ក កំពុងក្លាយជាប្រធានបទក្ដៅជាថ្មីនៅលើបណ្ដាញសង្គម ព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះ ផេនខេក ត្រូវបានម្ចាស់បំណុលបង្ហោះរូបទារលុយ ព្រមានចាត់ការតាមផ្លូវច្បាប់ ព្រមទាំងឡាយវីដេអូប្រកាសក្ដែងៗពី ផេនខេក ថានាងជំពាក់លុយមិនសងទៀតផង។
ក្រោយផ្ទុះរឿងអាស្រូវលុយកាក់ម្ដងនេះ ផេនខេក បានឡាយវីដេអូយំសស្រាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកមិនលស់ថ្ងៃ ត្អូញត្អែរតូចចិត្តពីជីវិតរបស់ខ្លួនគ្មានរឿងជោគជ័យសូម្បីតែម្យ៉ាង មិនថារឿងគ្រួសារ ស្នេហា ឬ រឿងហិរញ្ញវត្ថុនោះទេ។ ក្នុងនោះ ផេនខេក ក៏បានទម្លាយពីចំនួនទឹកលុយដែលនាងបានជំពាក់បំណុលគេដែរ គឺរហូតដល់ទៅ ១៥ ម៉ឺនដុល្លារអាមេរិកឯណោះ។
ទោះជាកំពុងវ័ណ្ឌ-ករឿងបំណុល ផេនខេក នៅតែមិនចុះចាញ់ នាងនៅតែប្រឹងប្រែងតស៊ូធ្វើការរកលុយដោះបំណុលគេតែម្នាក់ឯង។ ក្នុងកាលៈទេសៈដ៏លំបាកនេះ ផេនខេក ក៏ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនខ្លោចចិត្តអាណិតដល់វាសនារបស់នាងជាពន់ពេកដែលត្រូវជួបរឿងអាប់អួរផ្ទួនៗទាំងរឿងស្នេហា និង បំណុល។
យ៉ាងណាមិញ បើងាកទៅមើលតារាសម្តែង ឆៃលី ដាឡែន ក្រោយពីបានឃើញ ផេនខេក បានធ្លាក់ខ្លួនដល់ចំណុចនេះ នាងក៏បានបង្ហាញពីអារម្មណ៍រន្ធត់ចិត្ត និង នឹកអាណិតតដល់តារាកំប្លែង និង ជាពិធីកររូបនេះដែរ។ ជាមួយគ្នានោះ តារាសម្តែង ឆៃលី ដាឡែន ក៏បានចូលរួមលើកជាកម្លាំងចិត្តដល់ ផេនខេក ទៀតផង ដោយនាងបានសរសេររៀបរាប់លើគណនីហ្វេសប៊ុករបស់ខ្លួនថា ៖ «យល់ពីអារម្មណ៍ពេលដែលយើងធ្លាក់ដល់ចំណុចសូន្យ ហើយពេលដែលធ្លាក់ យើងនឹងដឹងថាអ្នកណាពិតឬក្លែងក្លាយ (មិត្តភក្តិ) ដោយសារតែ covid អ្នកណាក៏ជួបបញ្ហាដែល មិនមែនតែ ផេនខេក ទេ សូម្បីខ្ញុំក៏ខ្ញុំជួបដែរសឹងតែមិនចង់រស់ តែដោយសារកម្លាំងពីបងប្អូននឹងមិត្តភក្តិមួយចំនួន ទើបខ្ញុំបន្តជីវិតទៀត ស៊ូឡើងកូនកុំចុះចាញ់ Vann SamNang»។
តាមរយៈសារដែលតារាសម្តែង ឆៃលី ដាឡែន បង្ហោះនេះដែរ គេក៏បានកត់សម្គាល់ឃើញតារាសម្តែងស្រីរូបនេះ ក៏បានបើកបង្ហាញពីរឿងរ៉ាវជីវិតរបស់ខ្លួនផងដែរ ដោយកាលពីកន្លងមកនាងបានជួបប្រទះរឿងរ៉ាវលិចលង់ជាច្រើនរហូតលែងចង់រស់ ប៉ុន្តែដោយសារតែកម្លាំងចិត្តពីបងប្អូន និង មិត្តភក្តិ ទើបនាងក្រោកឈររហូតដល់សព្វថ្ងៃនេះ៕