ផ្អើលអ្នកគាំទ្រ! នាយ ជើត ក្នុងរឿង «និស្ស័យស្នេហ៍អាប» ប្រកាសបញ្ចប់កុងត្រាជាមួយប៉ុស្តិ៍លេខ ៧
Great Sapol ឬ នាយជើត តារាប្រុសរូបសង្ហា ដែលមហាជនភាគច្រើន បានស្គាល់ច្បាស់តាមរយៈរឿង «Inhuman Kiss» ឬ «និស្ស័យស្នេហ៍អាប» ដែលជាខ្សែភាពយន្តខ្នាតធំរបស់ថៃល្បីខ្លាំងក្នុងឆ្នាំ ២០១៩។
ថ្មីៗនេះ ស្រាប់តែតារាប្រុសរូបនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបគេបានប្រកាស មិនបន្តកុងត្រាជាមួយប៉ុស្តិ៍លេខ ៧ ទៀតនោះទេ បន្ទាប់ពីរួមការងារជាមួយគ្នាបានជាង ៤ ឆ្នាំ។
Great បានរៀបរាប់ថា៖ «លោកមានបំណងចង់ក្លាយជាតារាឯករាជ្យ ដោយមិនទាន់គិតគូថានឹងទៅប៉ុស្តិ៍ណាផ្សេងនៅឡើយទេ។ ហើយកុងត្រារបស់ Great ជាមួយប៉ុស្តិ៍លេខ ៧ នឹងអស់នៅត្រឹមចុងខែ ឧសភា ឆ្នាំ ២០២២ នេះ។ Great សង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងគោរពការសម្រេចចិត្តរបស់លោក ហើយលោកក៏បានអរគុណដល់ប៉ុស្តិ៍លេខ ៧ ដែលបានផ្តល់បទពិសោធន៍ និងឱកាសល្អៗឱ្យលោកក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ»៕