ខួបរៀបការឆ្នាំនេះ សេដ្ឋី Nott បានត្រឹមទិញរបស់សាមញ្ញមួយឱ្យប្រពន្ធទាំងនៅសរសៃខ្ចី តែមានន័យខ្លាំង
ជាទូទៅប្រិយមិត្តអ្នកតាមដានតារាថៃ តែងតែលួចច្រណែននឹងវាសនាតារាសម្ដែងស្រី Chompoo Araya ដោយហេតុថានាងមានទាំងសម្រស់ និង ទេពកោសល្យល្អ អ្វីរឹតតែពិសេសនោះ បន្ទាប់ពីរៀបការជាមួយលោក Nott Visrut ដែលជាសេដ្ឋីលំដាប់ប្រទេសមក ជីវិតរបស់នាងកាន់តែមានសុភមង្គលទ្វេដង។
ទន្ទឹមនឹងនោះ បន្ទាប់ពីចាប់ដៃគ្នាជាប្ដីប្រពន្ធអស់រយៈពេល ៧ ឆ្នាំមក តារាស្រីល្បីឈ្មោះ និង សេដ្ឋីហាយសូររូបនេះ ក៏ទទួលបានកូនភ្លោះប្រុសមួយគូ និង កូនស្រីពៅម្នាក់ យ៉ាងស្រស់ស្អាតផងដែរជាចំណងដៃ។ ជាការពិត បើនិយាយពីជីវិត Chompoo វិញ គេឃើញថានាងនៅតែផ្អែមល្ហែមស្អិតល្មួតប្រៀបដូចជាស្នេហ៍ក្នុងគ្រាដំបូងអ៊ីចឹង ទោះបីជាពេលនេះមានកូនទៅហើយក៏ដោយ។
ជារឿយៗ តារាស្រីរូបនេះតែងតែបង្ហាញក្ដីស្រឡាញ់ ជាមួយក្រុមគ្រួសារនៅលើបណ្ដាញសង្គមមករហូត ជាក់ស្ដែងក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ឆ្នាំនេះ គេស្រាប់តែឃើញ លោក Nott ដែលជាស្វាមី បានទិញបាច់ផ្កាកុលាបពណ៌ផ្កាឈូនកមួយបាច់យ៉ាងស្រស់ស្អាតដើម្បីជូនទៅតារាស្រី Chompoo ដើម្បីអបអរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍។
លើសពីនោះ គេក៏ឃើញលោក Nott បានបង្ហោះរូបភាពវីដេអូក្នុងថ្ងៃរៀបការរបស់ពួកគេចូលទៅក្នុងបណ្ដាញសង្គម អ៊ីនស្តា្រកាម ដើម្បីជាការរំឭកអនុស្សាវរីយ៍ផងដែរ។ ដូចគ្នានោះដែរ ក្រោយពីបង្ហោះរូបភាពស្និទ្ធសា្នលលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមហើយ តារាសម្ដែងស្រី Chompoo និង ស្វាមី ក៏ត្រូវបានមហាជនអ្នកគាំទ្រចូលបញ្ចេញមតិជូនពរ និង អួតសរសើរគ្រប់ៗគ្នា ចំពោះជីវិតដ៏សែនមានសុភមង្គលរបស់នាង៕