ក្ដោបបានរឿងថ្មីភ្លាម ស្រាប់តែ Yui ត្រូវផលិតកម្មចាស់បោះសម្តីដាក់ ធ្វើឱ្យនាងក្តៅមុខតបវិញផាំងៗ
ជារឿយៗតារាស្រី Yui Chiranan តែងតែត្រូវបានមហាជនចាប់ក្រសែភ្នែក តាមដាននាងជាខ្លាំង មិនថាការងារសិល្បៈ ឬ មុខរបររកស៊ីរបស់នាង ដែលកំពុងតែជោគជ័យពេលនេះទេ។ ជាពិសេស បើទោះបីជានាងរវល់ការងាររកស៊ីយ៉ាងណា តែនាងហាក់មិនបោះបង់ការងារសិល្បៈចោលឡើយ ពោលគឺនៅតែបន្តក្តាប់យកឱកាសសម្តែងស្ទើរមិនរំលងឡើយ។
ថ្មីៗនេះ ឃើញថា តារាស្រី Yui Chiranan នាងមិនត្រឹមតែជោគជ័យចំពោះមុខជំនួញរបស់នាងទេ តែបើនិយាយពីទីផ្សារការងារសិល្បៈក៏នាងស្រវាបានឱកាសសម្តែងស្ទើរមិនលស់ដែរ។ ជាក់ស្តែង ពេលនេះនាងកំពុងតែក្តាប់បានរឿងភាគថ្មីមួយ នៅក្នុងប៉ុស្តិ៍លេខ ៨ ថែមទៀតផង។
ដោយឡែក អ្វីដែលសំខាន់ បន្ទាប់ពីថតរឿងថ្មីមិនទាន់ចប់ផង តារាស្រី Yui Chiranan បែរជាត្រូវទទួលរងនូវពាក្យសម្តីយ៉ាងធ្ងន់ពីម្ចាស់ផលិតកម្មចាស់ក្រោយនាងបង្ហោះរូបភាពរបស់នាងសម្តែងក្នុងសាច់រឿងថ្មីនោះ ដោយផលិតកម្មចាស់បានបោះសម្តីថា៖ «សុំមិនតាមដាន»។
ភ្លាមៗនោះ បន្ទាប់ពីបានឃើញការសរសេរបែបនេះហើយ តារាស្រី Yui Chiranan នាងក៏ហាក់មិនបាននៅស្ងៀមដែរ។ នាងបានបោះពាក្យសម្តីយ៉ាងចាក់ដោត ទៅកាន់វិញថា៖ «មិនខឹងនោះទេ មានអ្នកស្រឡាញ់ក៏មានអ្នកស្អប់ ព្រោះខ្ញុំរស់នៅក្នុងរង្វង់សិល្បៈយូរណាស់មកហើយ ខ្ញុំយល់ ព្រោះខ្ញុំធ្លាប់ជួបទាំងអ្នកស្រឡាញ់ និង អ្នកស្អប់វាជារឿងធម្មតា មិនខ្វល់»។
ទោះជាយ៉ាងណា សម្រាប់មហាជនអ្នកគាំទ្រនៅតែបន្តគាំទ្រ និង រង់ចាំមើលសមិទ្ធផលថ្មីៗរបស់តារាស្រី Yui Chiranan ជានិច្ច ដោយសង្ឃឹមថា នាងនៅតែបន្តចូលខ្លួនសម្តែងនូវរឿងភាគក្រោយៗទៀតផងដែរ៕