មិនត្រូវជាមួយកូនប្រសាបរទេស អតីតគូស្នេហ៍ ឈិន ឡុង ប្រឹងរៀនអង់គ្លេស ដើម្បីស្ដាប់យល់ពេលឈ្លោះគ្នា
ជាការពិតណាស់ បើនិយាយពីអតីតបវរកញ្ញា Elaine Ng ប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់ហើយថា នាងគឺជាគូស្នេហ៍លួចលាក់ម្នាក់របស់តារាសម្ដែងចិនដ៏ល្បី Jackie Chan (ឈិន ឡុង) ហើយមហាជនមួយចំនួនទៀត ក៏ដឹងទៀតផងដែរថា រូបនាង និង កូនស្រីជាតំណក់ឈាមរួមគ្នានឹងឈិន ឡុង នាង Etta គឺមិនសូវជាត្រូវរ៉ូវគ្នាប៉ុន្មាននោះឡើយ។
មកទល់ពេលនេះ ទំនាក់ទំនងរវាងនាង និង កូនស្រីជា Tomboy រូបនេះ គឺកាន់តែអាក្រក់ទៅ នៅពេលកូនស្រីបានសម្រេចចិត្តរៀបការជាមួយ Influencer សញ្ជាតិកាណាតាម្នាក់ឈ្មោះ Andi Autumn។ នាង Elaine ត្រូវបានឱ្យដឹងថា មិនចុះសម្រុងគ្នានឹងនាង Andi ជាកូនប្រសានោះឡើយ ព្រោះនាងគិតថា Influencer រូបនោះ គឺជាមនុស្សធ្វើឱ្យកូននាងប្រែប្រួល រួមទាំងរិះគន់ថានាង Andi ជាមនុស្សខ្ជិលថែមទៀតផង។
ជាក់ស្ដែង កាលពីឆ្នាំទៅមុន អ្នកគ្រប់គ្រងរបស់ Elaine បានទម្លាយលើបណ្ដាញសង្គម Weibo ថា Elaine និង កូនស្រីនាង គឺមិនបានទាក់ទងគ្នាយូរណាស់មកហើយ ហើយនៅពេលណាដែលនាង រកទាក់ទងទៅកូន នាងតែងតែទទួលការខលពី Andi ជានិច្ច។ តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងរូបនោះបានឱ្យដឹងទៀតថា នាង Andi តែងតែជេស្ដីបន្ទោស Elaine ជាភាសាអង់គ្លេស ដែលពេលនោះ Elaine ស្ដាប់នាងមិនយល់នោះឡើយ។
ស្រាប់តែកាលពីសប្ដាហ៍កន្លងទៅនេះ Elaine បានធ្វើការបង្ហោះសារមួយលើ Weibo។ អមជាមួយរូបភាពទេសភាពថ្ងៃលិច នាង Elaine បានសរសេររៀបរាប់ថា ៖ «ពួកយើងជាជនជាតិចិន ពួកយើងតស៊ូលើផ្លូវវែងឆ្ងាយណាស់ដើម្បីមានថ្ងៃនេះ។ យើងកំពុងរៀនភាសាអង់គ្លេស ដើម្បីយើងអាចយល់ពីអ្វីដែលឯងនិយាយ រាល់ពេលឯងស្ដីបន្ទោសឱ្យយើង»។
បើទោះបីជាសារដែលបង្ហោះនេះ វាមិនបានបញ្ជាក់ថា Elaine ចង់និយាយសំដៅទៅនរណានោះ ប៉ុន្តែមហាជនសង្ស័យច្បាស់ថា នាងគឺចង់សំដៅទៅលើកូនស្រី Etta និង កូនប្រសាស្រី Andi នោះឯង៕